(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានជំរុញមន្ត្រីអាមេរិកកុំឲ្យចែករំលែកព័ត៌មានលម្អិតជាមួយកោះតៃវ៉ាន់មអំពីជំនួបនាពេលខាងមុខរវាងប្រធានាធិបតី លោក ស៉ី ជិនពីង និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដោយលើកឡើងថា វានឹងជាការបំពានយ៉ាងធ្ងន់ធ្ងរ លើពិធីសារការទូត និងកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅពេលសួរអំពីការអត្ថាធិប្បាយថ្មីៗនេះរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលថាទីក្រុងវ៉ាស៊ីនតោននឹងបង្ហាញព័ត៌មានលម្អិតនៃកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយ ទៅកាន់ទីក្រុងតៃប៉ិ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បានឆ្លើយតបយ៉ាងដូច្នេះថា «ការដែលអាមេរិក​ គ្រោងនឹងប្រាប់ដល់តៃវ៉ាន់​អំពី​ជំនួប​រវាង​ប្រមុខរដ្ឋ​ចិន និង​អាមេរិក​ នោះ គឺបាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ចិន​តែមួយ និង​ការ​កំណត់​នៃ​សេចក្តីថ្លែងការណ៍​រួម​ទាំង​បី​របស់​ចិន-អាមេរិក។ ហើយថា អ្នកការទូតបរទេសមិនគួរធ្វើទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីនៅទីក្រុងតៃប៉ិឡើយ»

គួរបញ្ជាក់ថា លោក បៃដិន និងលោក ស៉ី គ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៉ី ដែលជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងកាលពីឆ្នាំមុន។ ទោះបីជាសេតវិមាន បានប្រកាសថាមេដឹកនាំទាំងពីរ នឹងពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងរបៀប ការគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ ជាដើម តែបញ្ហាតៃវ៉ាន់ក៏ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងរបៀបវារៈ ផងដែរ៕