(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយនៅថ្ងៃសៅរ៍នេះថា តួកគីប្តេជ្ញាស្វែងរកកិច្ចសន្ទនាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន និងបានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតថាបានបង្ករឿងដល់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ទូរទស្សន៍រដ្ឋតួកគី បានដកស្រង់សម្តីរបស់លោក អឺដូហ្កាន់ ដែលបានថ្លែងថា «លោកខាងលិច និងជាពិសេសសហរដ្ឋអាមេរិកកំពុងវាយប្រហាររុស្ស៊ីហាក់ដូចជាគ្មានទីបញ្ចប់» ដោយមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលលោកចង់មានន័យឡើយ។

លោក អឺដូហ្កាន់ បានបន្ថែមថា យើងកំពុងធ្វើការលើរបៀបបង្កើតច្រករបៀងសន្តិភាព ដូចជាយើងធ្លាប់សម្រេចបាននូវច្រករបៀងគ្រាប់ធញ្ញជាតិ។ យើងគិតថាវិធីល្អបំផុតសម្រាប់ពេលនេះគឺមធ្យោបាយសន្ទនាឆ្ពោះទៅរកសន្តិភាព ហើយទស្សនៈរបស់អ៊ុយក្រែនគឺមានសារៈសំខាន់បំផុត។

គួរបញ្ជាក់ថា តួកគី ដែលសមាជិកអង្គការណាតូ បានរៀបចំកិច្ចពិភាក្សារវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី កាលពីដើមឆ្នាំនេះ ហើយព្យាយាមរក្សាតុល្យភាពចំពោះទំនាក់ទំនងជាមួយរុស្ស៉ីលើការឈ្លានពាននៅអ៊ុយក្រែន និងប្រឆាំងការដាក់ទណ្ឌកម្ម៕