(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រកាសនៅសប្ដាហ៍ក្រោយនេះថាលោកនឹងចូលរួមឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ នេះបើតាមមនុស្សជំនិតម្នាក់របស់លោក ត្រាំ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីប្រឹក្សាដ៏យូរអង្វែងម្នាក់របស់លោក ត្រាំ គឺលោក Jason Miller ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកម្មវិធី War Room កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Miller បានបញ្ជាក់ថា «លោកប្រធានាធិបតី ត្រាំ នឹងធ្វើការប្រកាសនៅថ្ងៃអង្គារ (សប្ដាហ៍ក្រោយ) ថាលោកនឹងឈរឈ្មោះជាបេក្ខជន ប្រធានាធិបតី»។ លោក Miller បន្ថែមដោយអះអាងថាលោក ត្រាំ បានប្រាប់រូបលោកផ្ទាល់ដូច្នេះថា «វាមិនចាំបាច់សួរសំណួរណាមួយនោះទេ ព្រោះ ជាការពិត ខ្ញុំនឹងឈរឈ្មោះសាជាថ្មី»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោក ក្នុងរដ្ឋ Ohio ថាលោកនឹងធ្វើការប្រកាស មួយដ៏ធំអស្ចារ្យ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida។ តែមិនបានបញ្ជាក់អ្វីលម្អិត លើសពីនេះឡើយ៕