(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) នៅថ្ងៃសុក្រនេះ បានបញ្ចេញប្រតិកម្មឆ្លើយតបចំពោះបារាំង នៅក្នុងជម្លោះមួយពាក់ព័ន្ធសំណួរថាតើ ប្រទេសណាគួរតែជាអ្នកទទួលខុសត្រូវ ក្នុងការទទួលយកជនអន្តោប្រវេសន៍ ដែលត្រូវបាន​ជួយសង្រ្គោះពីផ្ទៃសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី មេឡូនី ដែលទើបក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អ៉ីតាលី កាលពីខែមុននេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «ខ្ញុំភ្ញាក់ផ្អើលមែនទែន ដោយសារតែប្រតិកម្មបែបខឹងច្រឡោត ពីសំណាក់រដ្ឋាភិបាលបារាំង ហើយបើតាមទស្សនៈខ្ញុំ គឺវាពុំអាចយល់បាននិងមិនសមហេតុសមផលទាល់តែសោះ»។ ជាមួយគ្នានោះ លោកស្រីនាយករដ្ឋមន្រ្តីអ៉ីតាលី ក៏បានបន្ថែមទៀតថា អ៉ីតាលីមិនអាចជាគោលដៅតែមួយគត់ សម្រាប់ជនអន្តោប្រវេសន៍ ដែលមកពីទ្វីបអាហ្រ្វិកនោះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងប៉ារីស បានប្រកាសផ្អាកផែនការទទួលយកជនភៀសខ្លួន ប្រមាណជា ៣,៥០០នាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងប្រទេសអ៉ីតាលី បន្ទាប់ពីរដ្ឋាភិបាលទីក្រុងរ៉ូម មិនអនុញ្ញាតឱ្យកប៉ាល់សង្រ្គោះជនអន្តោប្រវេសន៍ ១គ្រឿងចូលចត។ បារាំងបានថ្កោលទោសទង្វើរបស់អ៉ីតាលីថា ជាអាកប្បកិរិយាមិនអាចទទួលយកបាន ហើយថែមទាំងបានព្រមានពីផលវិបាកធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងទ្វេភាគីទៀតផង។

យ៉ាងណាមិញ ខាងអ៉ីតាលីបានលើកហេតុផលថា ក្នុងឆ្នាំ២០២២នេះតែឯងប៉ុណ្ណោះ អ៉ីតាលីបានទទួលយកជនអន្តោប្រវេសន៍សរុបខ្ទង់ ៩០,០០០នាក់ទៅហើយ។ កប៉ាល់សង្រ្គោះជនអន្តោប្រវេសន៍តាមសមុទ្រខាងលើ ដែលមានឈ្មោះថា អូសៀន វ៉ាយឃីង (Ocean Viking) មានផ្ទុកជនអន្តោប្រវេសន៍ជាង២០០នាក់ និងត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែទូឡុន (Toulon) ភាគខាងត្បូងប្រទេសបារាំង នាថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា រដ្ឋាលិបាលស្តាំនិយមបច្ចុប្បន្នរបស់អ៉ីតាលី បានឡើងកាន់អំណាចកាលពីថ្ងៃទី២២ ខែតុលា ក្រោមការដឹកនាំរបស់លោកស្រី មេឡូនី ដែលមុនពេលក្លាយជានាយករដ្ឋមន្រ្តី ធ្លាប់បានប្តេជ្ញាថា នឹងរាំងខ្ទប់ទូកដឹកជនអន្តោប្រវេសន៍ ដែលព្យាយាមចាកចេញពី តំបន់ភាគខាងជើងអាហ្រ្វិក ឆ្ពោះមកកាន់ប្រទេសអ៉ីតាលី៕