(មូស្គូ)៖ នៅថ្ងៃសុក្រនេះ វិមានក្រឹមឡាំង បានអះអាងថា ការដកទ័ពរុស្ស៊ីចេញពីតំបន់ខឺសុន (Kherson) នឹងមិនធ្វើឲ្យផ្លាស់ប្តូរស្ថានភាពនៅលើទឹកដីដែលទីក្រុងមូស្គូ បានប្រកាសកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

រុស្ស៊ី បានទាមទារតំបន់ខឺសុន និងតំបន់ចំនួន៣ផ្សេងទៀតរបស់អ៊ុយក្រែន ក្រោយធ្វើប្រជាមតិនៅក្នុងខែកញ្ញា ជាការបោះឆ្នោតដែលត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលក្រុងកៀវ និងលោកខាងលិច ដែលចាត់ទុកជារឿងខុសច្បាប់។

នៅក្នុងជំនួបតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ស្ថានភាពក្នុងតំបន់ត្រូវបាន «កំណត់ និងគ្រប់គ្រង» រួចហើយ និងគ្មានការផ្លាស់ប្តូរណាមួយអាចធ្វើទៅបាននោះទេ។

គួរបញ្ជាក់ថា ការចេញមកបញ្ជាក់របស់វិមានក្រឹមឡាំងនាពេលនេះ គឺធ្វើឡើងក្រោយពេលដែលទឹប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៊ីចង់ប្រែក្លាយខឺសុន ទៅជា «ទីក្រុងខ្មោច» ចំពោះមុខការប្រកាសដកកងទ័ពរបស់ទីក្រុងមូស្គូ ចេញពីតំបន់នេះ៕