(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ខាងក្រសួងការបរទេសចិន បានបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងធ្វើដំណើរទៅចូលរួម កិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅក្នុងប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃទី១៤-១៧ ខែវិច្ឆិកា ហើយបន្ទាប់ពីនោះ លោកក៏នឹងបន្តដំណើរទៅ ចូលរួមកិច្ចប្រជុំកំពូល APEC នៅឯប្រទេសថៃផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោក ស៉ី ជិនពីង នឹងជួបទ្វេភាគីជាមួយមេដឹកនាំបរទេស ដូចជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាសប្តាហ៍ក្រោយ ចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា នៅឯកោះបាលី ជាទីដែលកិច្ចប្រជុំកំពូល G20 ប្រារព្ធឡើង ព្រមទាំងជាមួយប្រធានាធិបតីសេណេហ្កាល់ លោក ម៉ាកគី សល (Macky Sall) ដែលជាប្រធានសហភាពអាហ្រ្វិក ហើយនិងប្រធានាធិបតីអាហ្សង់ទីន លោក អាល់បឺតូ ហ្វឺណាន់ដេស (Alberto Fernandez)។
មុនការបញ្ជាក់របស់ក្រសួងការបរទេសចិន ខាងសេតវិមានបានប្រកាសឱ្យដឹងរួចហើយថា លោក បៃដិន នឹងជួបពិភាក្សាគ្នាទល់មុខផ្ទាល់ ជាលើកដំបូង ក្នុងឱកាសដែលមេដឹកនាំប្រទេសទាំងពីរ ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៉ី។ លោក ស៉ី និង លោក បៃដិន ធ្លាប់ជួបគ្នា មុនពេលដែលលោក បៃដិន ក្លាយជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក អ្នកទាំងពីរក៏ធ្លាប់ជជែកគ្នាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូអនឡាញជាច្រើនលើកផងដែរ ប៉ុន្តែការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ហើយក្រោយមកដោយសារតែ ការចៀសវាងរបស់លោក ស៉ី ជិនពីង ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេស បានរារាំងមិនឱ្យមេដឹកនាំទាំងពីរ អាចជួបមុខគ្នាផ្ទាល់បាន រហូតមកទល់ពេលនេះ។
គួរបញ្ជាក់ថា បើតាមលោក ចាវ លីជាន បន្ទាប់ពីចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌូណេស៉ីហើយ លោកប្រធានាធិបតីចិន នឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ឬហៅកាត់ថា APEC ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា៕