(វ៉ាស៉ីនតោន)៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោក ម៉ាក មីលលី (Mark Milley) បាននិយាយថា មន្ទីរបញ្ចកោណនឹងផ្តល់ការគាំទ្រយោធាដល់តៃវ៉ាន់ ទាំងអាវុធ និងការហ្វឹកហ្វឺន ដោយព្រមានប្រឆាំងនឹង ការវាយប្រហាររបស់ចិននៅលើកោះនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយ ក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូយ៉ក ឧត្តមសេនីយអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយទីក្រុងតៃប៉ិ បើទោះបីជាមានការជំទាស់ជាខ្លាំង ពីទីក្រុងប៉េកាំងក៏ដោយ។ ប្រធានាធិបតី លោក ចូ បៃដិន ធ្លាប់បានលើកឡើងកន្លងមកថា សហរដ្ឋអាមេរិកនឹងគាំទ្រពួកគេដោយយោធា ព្យាយាមជួយបណ្តុះបណ្តាល និងបំពាក់សម្ភារដល់ពួកគេ។

ទោះជាមិនមានសញ្ញាណាមួយដែលថា ទីក្រុងប៉េកាំងនឹងវាយប្រហារលើតៃវ៉ាន់ក្នុងពេលអនាគតដ៏ខ្លីក៏ដោយ តែលោក មីលលី បានបន្តអះអាងថា ឥឡូវចិននេះកំពុង «វាយតម្លៃស្ថានភាព និងគណនាឡើងវិញនូវអ្វីដែលពួកគេអាចធ្វើ» ព្រមទាំងចោទប្រកាន់ក្រុងប៉េកាំងថាកំពុងស្វែងរក «ឧត្តមភាពយោធាសកល»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់មន្រ្តីយោធាកំពូលអាមេរិកនាពេលនេះ ធ្វើឡើងដំណាលគ្នានឹងការប្រកាសរបស់សេតវិមានថា លោក បៃដិន នឹងត្រូវជួបលោក ស៊ី ជិនពីង នៅឥណ្ឌូណេស៊ី ហើយនឹងជជែកគ្នាពីបញ្ហាជាច្រើន ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា ដែលកំពុងជះឥទ្ធិពលដល់សហគមន៍អន្តរជាតិ៕