(ភ្នំពេញ)៖ លោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង អមដំណើរដោយភរិយាដ៏ស្រស់សោភា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ភរិយារបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកស្រី គីម កនហ៊ី (Kim Keon-hee) កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៧២ (អាយុ៥០ឆ្នាំ) នៅក្នុងតំបន់ យ៉ង់ព្យ៉ីយ៉ន (Yangpyeong) ប្រទេសកូរ៉េខាងត្បូង។ លោកស្រី គឺជាសហគ្រិនម្នាក់ និងជាភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol)។ លោកស្រី គីម បាននិយាយនៅក្នុងបទសម្ភាសន៍កាលពី ឆ្នាំ២០១៨ ថាលោកស្រីបានស្គាល់លោក យូន អស់រយៈពេលជាយូរ និងបានសម្រេចចិត្តរៀបការជាមួយលោក យូន ក្នុងឆ្នាំ២០១២ ដោយនៅកាលណោះលោកស្រី គីម មាន អាយុ ៤០ឆ្នាំ រីឯលោក យូន មានអាយុ៥២ឆ្នាំ។ ប៉ុន្តែមិនមានព័ត៌មានថាតើអ្នកទាំង២ មានកូន ឬក៏អត់នោះទេ។

លោកស្រី គីម បានចូលរៀន និងបញ្ចប់ការសិក្សានៅឯវិទ្យាល័យ Myungil Girls' High School ក្នុងទីក្រុងសេអ៊ូល ហើយក្រោយមកទៀត ទើបលោកស្រីចូលរៀន សាកលវិទ្យាល័យ Kyonggi ជាទីដែលលោកស្រីបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាប័ត្រ BA​ ជាមួយនិទ្ទេសល្អ។ លោកស្រីចូលចិត្តមុខជំនាញខាងសិល្បៈ និងរចនា ដូច្នេះហើយទើបលោកស្រី គីម បានសម្រេចចិត្តបើកមុខជំនួញផ្ទាល់ខ្លួន។

នៅឆ្នាំ២០០៩ លោកស្រី គីម បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Covana Contents ដែលជាក្រុមហ៊ុនមានឯកទេសខាងពិព័ណ៌សិល្បៈ ហើយចាប់តាំងពីពេលនោះមកដែរលោកស្រី បានកាន់តំណែងជានាយកប្រតិបត្តិ CEO និងជាប្រធានក្រុមហ៊ុននេះមកទល់នឹងសព្វថ្ងៃ។

លោកស្រី គីម ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបពី ៣ ទៅ ៤លានដុល្លារ៕