(តូក្យូ)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន លោក យ៉ាស៊ូហ៉ីរ៉ូ ហាណាស៉ិ (Yasuhiro Hanashi) បានដាក់ពាក្យលាលែងពីតំណែង ខណៈប្រការនេះធ្វើឱ្យរូបលោក ក្លាយជារដ្ឋមន្រ្តីទី២ ដែលបានចាកចេញពីរដ្ឋាភិបាល ដោយសារតែរឿងអាស្រូវ ក្នុងរយៈពេលមិនដល់ ១ខែនោះឡើយ ស្របពេលដែលនាយករដ្ឋមន្រ្តីលោក លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) កំពុងជួបការលំបាក ក្នុងការស្រោចស្រង់ អត្រា​ប្រជាប្រិយភាពឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

មុនការលាលែងខាងលើ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន ក៏បានរាយការណ៍ផងដែរថា លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ពីចេតនារបស់លោក ក្នុងការបណ្តេញលោករដ្ឋមន្ត្រីយុត្តិធម៌។ លោក ហាណាស៉ិ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ជុំវិញមើលស្រាលភារកិច្ចរបស់លោក ជាពិសេសការចុះហត្ថលេខាលើ ការប្រហារជីវិត ដែលលោកចាត់ទុកថា ជារឿង «គួរឲ្យធុញទ្រាន់»។ ការផ្ទុះកំហឹងជុំវិញការអត្ថាធិប្បាយរបស់លោក កើតមានឡើងបន្ទាប់ពីមានការរិះគន់យ៉ាងផុសផុល ពីសាធារណជនជប៉ុន ទៅលើរដ្ឋាភិបាល ជុំវិញទំនាក់ទំនងជាមួយក្រុមសាសនា Unification Church។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែតុលា រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក ដៃស៉ិរ៉ូ យ៉ាម៉ាហ្គីវ៉ា (Daishiro Yamagiwa) ក៏បានសុំលាលែងពីតំណែង ដោយសារតែទំនាក់ទំនងរបស់លោកជាមួយក្រុមសាសនានេះ។ រីឯ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក មីណូរូ តេរ៉ាដា (Minoru Terada) ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ ឯកសារស្តីពីមូលនិធិនយោបាយ ក៏ត្រូវបានអំពាវនាវឲ្យលាលែងពីតំណែងផងដែរ៕