(វ៉ាស៉ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិកបានប្រកាសពី កញ្ចប់ជំនួយថ្មីទៀតដែលគិតជាទឹកប្រាក់ស្មើនឹង ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដោយក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស មីស៉ីល រ៉ុក្កែត និងគ្រាប់កាំភ្លើងធំ ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួយសព្វាវុធថ្មីនោះរួមមានដូចជា ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី អាវិញចឺ (Avenger) ហើយនិងគ្រាប់មីស៉ីលដែលវាប្រើប្រាស់ ខណៈនេះគឺជាលើកដំបូងហើយ ដែលប្រព័ន្ធ Avenger ត្រូវបានអាមេរិកប្រគល់ឱ្យអ៊ុយក្រែន។ លើសពីនេះទៀត រួមមានទាំងការផ្តល់មីស៉ីល សម្រាប់ប្រព័ន្ធការពារអាកាស ហាក (HAWK) គ្រាប់កាំភ្លើងធំនិងកាំភ្លើងត្បាល់ ក៏ដូចជាគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធហ៉ីម៉ាស់ (HIMARS) ព្រមទាំងគ្រាប់កាំភ្លើងជាង ២០លានគ្រាប់។

អ្នកនាំពាក្យរងនៃមន្ទីរបញ្ចកោណ លោកស្រី សាប៊្រីណា ស៉ីញ (Sabrina Singh) បាននិយាយថា ដោយសារការវាយប្រហារតាមអាកាស របស់រុស្ស៉ីទៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល និងសំខាន់ៗរបស់អ៊ុយក្រែន ការជួយបង្កើនសមត្ថភាពការពារដែនអាកាសដល់ទីក្រុងកៀវ គឺជារឿងចាំបាច់ជាទីបំផុត។ រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបង្ហោះសារអរគុណ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់កញ្ចប់ជំនួយថ្មីនេះផងដែរ។

គួរបញ្ជាក់ថា កាលពីមួយសប្តាហ៍មុន សហរដ្ឋអាមេរិក ទើបតែបានប្រកាសកញ្ចប់ជំនួយសព្វាវុធ ទំហំ៤០០លានដុល្លារដូចគ្នា ដល់អ៊ុយក្រែន ខណៈនៅក្នុងនោះ រួមមានរថក្រោះ ប្រព័ន្ធការពារដែនអាកាស និងដ្រូន ជាដើម។ គិតចាប់តាំងពីរុស្ស៉ី បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក ទីក្រុងវ៉ាស៉ីនតោនបានផ្តល់​ជំនួយផ្នែកសន្តិសុខ គិតជាទឹកប្រាក់សរុបខ្ទង់ ១៨.៦ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕