(កង់បេរ៉ា)៖ ប៉ូលិសអូស្រ្តាលីបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមចោរព័ត៌មានវិទ្យា ឬហៅថា ហែគឃ័រ (hacker) គឺជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា មកលើក្រុមហ៊ុនផ្នែកសុខាភិបាលធំមួយរបស់ប្រទេសអូស្រ្តាលី ហើយបានចូលលួចទិន្នន័យរបស់មនុស្សចំនួន ៩.៧លាននាក់ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តីអូស្រ្តាលីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
អគ្គស្នងការប៉ូលិសហព័ន្ធអូស្រ្តាលី លោក រីស ឃើស័រ (Reece Kershaw) លើកឡើងដូច្នេះថា «យើងជឿជាក់ថា ក្រុមអ្នកនៅពីក្រោយ ការលួចទិន្នន័យសុខភាពនេះ គឺស្ថិតនៅក្នុងប្រទេសរុស្ស៉ី»។ ក្រុមហែគឃ័រ បានចាប់ផ្តើមបញ្ចេញទិន្នន័យ ដែលពួកគេចូលលួចបាន ក្នុងសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុន មេឌីប៊ែង (Medibank) ដែលជាក្រុមហ៊ុនធានារ៉ាប់សុខភាពធំបំផុតរបស់អូស្រ្តាលី បដិសេធបង់ប្រាក់ចំនួន១៥លានដុល្លារអូស្រ្តាលី ឬស្មើនឹង៩.៧លានដុល្លារអាមេរិក ពោលគឺ១លានដុល្លារ សម្រាប់ទិន្នន័យមនុស្សម្នាក់ តាមការទាមទាររបស់ពួកគេ។
បើតាមលោក ឃើស័រ សម្រាប់ករណីខាងលើ កងកម្លាំងប៉ូលិសអូស្រ្តាលី នឹងធ្វើការជាមួយខាងប៉ូលិសអន្តរជាតិ អាំងទែរប៉ូល ហើយក៏នឹងស្វែងរកការសហការពីសមភាគីនៅក្នុងប្រទេសរុស្ស៉ីផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា អូស្រ្តាលីបានចេញមុខថ្កោលទោសជាច្រើនលើក ចំពោះការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយបានផ្តល់ឱ្យទីក្រុងកៀវ នូវជំនួយនិងបរិក្ខារយោធា គិតជាទឹកប្រាក់សរុបរាប់រយលានដុល្លារ។ ទីភ្នាក់ងារចារកម្មអូស្រ្តាលីធ្លាប់បានព្រមានថា ការគាំទ្ររបស់ទីក្រុងកង់បេរ៉ាចំពោះអ៊ុយក្រែន អាចនឹងធ្វើឱ្យអូស្រ្តាលីទទួលរងការសងសឹកពីរុស្ស៉ី តាមរយៈការវាយប្រហារព័ត៌មានវិទ្យា៕