(វ៉ាស៉ីនតោន)៖ តំណាងរាស្រ្តនៅរដ្ឋផេនស៉ីវ៉ានៀ (Pennsylvania) លោក តូនី ដេលូកា (Tony DeLuca) បានឈ្នះការប្រកួតប្រជែងក្នុងសភារបស់រដ្ឋយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែមានបញ្ហាមួយគឺ លោកបានទទួលមរណៈភាព កាលពីខែតុលា កន្លងទៅ នៅអាយុ៨៥ឆ្នាំ។ នេះបើយោងតាមការដកស្រង់ផ្សាយពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ច្បាប់របស់រដ្ឋ Pennsylvania កំណត់ថាបេក្ខជនជំនួសមិនអាចជ្រើសរើសបានទេ បន្ទាប់ពីសន្លឹកឆ្នោត ត្រូវបានចាប់ផ្តើមបោះពុម្ព។ តំបន់ អាឡិចហែននី (Allegheny) ដែលលោក តូនី ដេលូកា ជាអ្នកតំណាងនោះ គឺបានចាប់ផ្តើមបោះពុម្ពសន្លឹកឆ្នោត តាំងជាងមួយសប្តាហ៍ មុនពេលលោក ដេលូកា បានស្លាប់ម៉្លេះ។ ដូច្នេះហើយទើបរូបលោក នៅមានឈ្មោះក្នុងសន្លឹកឆ្នោត។

គណៈកម្មាធិការឃោសនាបោះឆ្នោត​ នៃបក្សប្រជាធិបតេយ្យនៅសភាតំណាងរាស្រ្តរបស់រដ្ឋ Pennsylvania បានប្រកាសថា វាគឺមោទនភាពដែលឃើញថាអ្នកបោះឆ្នោតបន្តបង្ហាញទំនុកចិត្តលើរូបលោក ដេលូកា និងការប្តេជ្ញាចិត្តរបស់លោក ចំពោះតម្លៃប្រជាធិបតេយ្យ តាមរយៈការបន្តបោះឆ្នោតគាំទ្ររូបលោក ទោះលោកបានទទួលមរណភាពហើយ ក៏ដោយ។ យ៉ាងណាក្តី ការបោះឆ្នោតពិសេសមួយ នឹងត្រូវរៀបចំឡើង ដើម្បីដោះស្រាយបញ្ហានៃការឈ្នះឆ្នោតរបស់ លោក ដេលូកា។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកបានរៀបចំ ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ របស់ខ្លួន។ ដោយឡែក អតីតតំណាងរាស្រ្តនៅរដ្ឋធេនណេសស៉ី (Tennessee) លោក បាបារ៉ា ខូបផឺ (Barbara Cooper) អាយុ៩៣ ដែលមកពីគណបក្សប្រជាធិបតេយ្យ ក៏បានឈ្នះការបោះឆ្នោតដូចគ្នា បើទោះបីជាបានទទួលមរណៈភាព កាលពីចុងខែមុនក៏ដោយ។ ដូចនឹងករណីរដ្ឋ Pennsylvania ច្បាប់របស់រដ្ឋ Tennessee ក៏កំណត់កាលបរិច្ឆេទផុតសុពលភាព សម្រាប់ការណែនាំបេក្ខជនថ្មីផងដែរ៕