(កៀវ)៖ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhailo Podolyak) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៊ីចង់ប្រែក្លាយខឺសុន (Kherson) ទៅជា «ទីក្រុងខ្មោច» ក្រោយការប្រកាសរបស់ទីក្រុងមូស្គូឲ្យកងទ័ពរបស់ខ្លួនដកថយចេញ ពីទីក្រុងភាគខាងត្បូងរបស់អ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ប៉ូដុលយ៉ាក់ បានចោទប្រកាន់រុស្ស៊ី រាប់ចាប់តាំងពីការជីកយករ៉ែ លួចយកអ្វីៗគ្រប់យ៉ាងចេញពីផ្ទះសម្បែងរបស់ប្រជាជន រហូតដល់លូក្រោមដី ហើយគ្រោងនឹងបាញ់ផ្លោងមកលើទីក្រុងខឺសុន ពីផ្នែកម្ខាងទៀតនៃទន្លេឌីនីប្រូ (Dnipro)។

ទីប្រឹក្សាខាងនយោបាយរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «រុស្ស៊ីចង់ប្រែក្លាយខឺសុន ទៅជាទីក្រុងខ្មោច»។ យោធារុស្ស៊ីជីកបានអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន។ ហើយការបាញ់ផ្លោងដោយកាំភ្លើងធំចេញពីច្រាំងទន្លេខាងឆ្វេង នឹងធ្វើឲ្យទីក្រុងខ្ទិចខ្ទី»។

គួរបញ្ជាក់ថា រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ ចំពោះការលើកឡើងខាងលើនេះ។ ទោះជាមានការប្រកាសរបស់រុស្ស៉ី អំពីការដកថយចេញពីតំបន់ខឺសុន ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េស្នីកូវ បាននិយាយថា រុស្ស៉ីត្រូវការពេលយ៉ាងហោចមួយសប្ដាហ៍ដើម្បីដំណើរការ៕