(វ៉ាស៉ីនតោន)៖ ព្យុះត្រូពិចនីកូល (Nicole) បានបោកបក់ពាសពេញរដ្ឋហ្លរីដា (Florida) នៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយចុះខ្សោយឥទ្ធិពលប៉ុន្តែនៅតែមានកម្លាំងខ្លាំង នាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបានផ្តាច់ខ្សែបណ្តាញអគ្គិសនី ជន់លិចផ្ទះសម្បែង និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លំនៅដ្ឋាន និងអាជីវកម្មរហូតដល់ ៣៥០,០០០ នៅទូទាំងរដ្ឋហ្លរីដា គ្មានអគ្គិសនីប្រើប្រាស់នោះទេ បន្ទាប់ពីព្យុះបានវាយប្រហារឆ្នេរសមុទ្រអាត្លង់ទិក ក្បែរឆ្នេរវឺរ៉ូ (Vero) ភាគខាងជើងនៃទីក្រុងម៉ៃអាមី (Miami) នៅម៉ោង៣ព្រឹក ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ជាខ្យល់ព្យុះចុងរដូវ ដែលមានល្បឿនខ្យល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ផ្ទះនៅតាមមាត់សមុទ្រនៃសហគមន៍ Wilbur-by-the-Sea ជាច្រើនខ្នងបានដួលរលំ ស្ថិតនៅភាគខាងត្បូងនៃឆ្នេរដាយតូណា (Daytona) រីឯមួយចំនួនទៀតនៅមាត់ច្រាំងត្រូវទុកចោល ព្រោះរលកសមុទ្របក់បោកបំផ្លាញគ្រឹះរបស់វា។ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នករងរបួសឡើយ។

គួរបញ្ជាក់ថា ព្យុះហឺរីខិនរាអាត្លង់ទិកទី៨ និងប្រព័ន្ធព្យុះស៊ីក្លូនទី១៤ ប្រចាំឆ្នាំ នីកូល បានបន្ទាបកម្រិតទៅជាព្យុះត្រូពិចភ្លាមៗ បន្ទាប់បោកបក់ឆ្ពោះទៅដីគោក៕