(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយថាលោកមានបំណងស្នើដល់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ឲ្យទម្លាក់ចោលការរឹតត្បិតពាណិជ្ជកម្ម លើការនាំចេញ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ប្រសិនបើមេដឹកនាំទាំងពីរជួបគ្នាជា លើកដំបូង ក្នុងខែវិច្ឆិកានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅមុនពេលធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅប្រទេសកម្ពុជា លោក អាល់បានីស បានលើកឡើងដូច្នេះថា «ដាក់ទណ្ឌកម្មលើ ឧស្សាហកម្មស្រា ឧស្សាហកម្មសាច់ និងឧស្សាហកម្មផ្សេងទៀត វាមិនមែនជាប្រយោជន៍សម្រាប់អូស្ត្រាលីនោះទេ។ ប៉ុន្តែ វាក៏មិនស្ថិតក្នុងផលប្រយោជន៍ របស់ចិនដូចគ្នាដែរ»។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលមានជម្លោះជាច្រើនទាក់ទងនឹងជំងឺកូវីដ ១៩ បញ្ហាសន្តិសុខជាតិ និងសិទ្ធិមនុស្ស ជាដើម។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក អាល់បានីស កើតឡើងចំពេលមានការរំពឹងទុកថា មេដឹកនាំអូស្ត្រាលីរូបនេះអាចជួបលោក ស៉ី នៅប៉ុន្មានថ្ងៃ ខាងមុខ ក្នុងអំឡុងកិច្ចប្រជុំ G20 នៅឥណ្ឌូណេស៊ី ឬកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកក ប្រទេសថៃ៕