(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបាននិយាយថាខ្លួនកំពុងចរចាជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំឱ្យ អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថាទីក្រុងសេអ៊ូល យល់ព្រមលក់អាវុធមានគោលដៅសម្រាប់ អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «ក្នុងគោលដៅបំពេញឡើងវិញនូវការខ្វះខាត គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ (155mm) នៃឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក កិច្ចចរចាកំពុងចាប់ផ្ដើមធ្វើឡើងរវាងក្រុមហ៊ុនអាមេរិក និងកូរ៉េខាងត្បូង ដើម្បីនាំចេញគ្រាប់កាំភ្លើងធំ»។ ក្រសួងបានបន្ថែមទៀតថា គោលជំហររបស់កូរ៉េខាងត្បូងនៅតែដដែល ដោយនឹងមិនផ្ដល់អាវុធ ដែលអាចសម្លាប់ជីវិតមនុស្សដល់អ៊ុយក្រែននោះទេ ហើយសហរដ្ឋអាមេរិក គឺជាអ្នកប្រើប្រាស់ពិតប្រាកដនូវគ្រាប់កាំភ្លើងធំកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា កាសែត Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាសហរដ្ឋអាមេរិក នឹងទិញគ្រាប់កាំភ្លើង១៥៥មីលីម៉ែត្រចំនួន ១០០,០០០គ្រាប់ ពីកូរ៉េខាងត្បូង ដើម្បីបញ្ជូនបន្តឱ្យអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានស្នើសុំជាច្រើនលើកឱ្យកូរ៉េខាងត្បូងផ្គត់ផ្គង់អាវុធឱ្យ ទីក្រុងកៀវ។

ប៉ុន្តែ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាន់ជំហរថាទីក្រុងសេអ៊ូលនឹងមិនផ្ដល់អាវុធដែលអាចសម្លាប់ជីវិតមនុស្សឱ្យ អ៊ុយក្រែននោះទេ ក្រោយលោក ពូទីន លើកឡើងថាការធ្វើរបៀបនេះអាចនឹងបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងទីក្រុងសេអ៊ូល៕