(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េស្នីកូវ (Oleksii Reznikov) បាននិយាយថា រុស្ស៉ីត្រូវការពេលយ៉ាងហោចមួយសប្ដាហ៍ ដើម្បីដកកងទ័ពរបស់ខ្លួនចេញពីទីក្រុងខឺសុន (Kherson) ខណៈទីក្រុងកៀវនៅតែបន្តតាមដានសកម្មភាពដកកងទ័ពនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក រ៉េស្នីកូវ បានបញ្ជាក់ថាមកទល់នឹងបច្ចុប្បន្ន រុស្ស៉ីនៅតែបន្តរក្សាកងទ័ពជាង ៤០,០០០នាក់នៅក្នុងទីក្រុងខឺសុន ហើយព័ត៌មានពីចារកម្មអ៊ុយក្រែនក៏បានឱ្យដឹងដែរថាកងទ័ពរុស្ស៉ីកំពុងបន្តស្ថិត នៅក្នុង និងជុំវិញទីក្រុងមួយនេះ។

រុស្ស៉ី កាលពីថ្ងៃពុធកន្លងទៅនេះបានប្រកាសថាខ្លួននឹងដកកងទ័ពចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ នៃទីក្រុងខឺសុនជារដ្ឋធានីនៃតំបន់ខឺសុន ជាទី ដែលលោក ពូទីន បានប្រកាសកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី។ ប៉ុន្តែ អ៊ុយក្រែននៅតែសង្ស័យ និងមានការប្រុងប្រយ័ត្ននៅឡើយចំពោះ ការដកកងទ័ពនេះដែលអ្នកជំនាញខ្លះយល់ថាអាចជាអន្ទាក់។ យ៉ាងណាក៏ដោយ បើការដកកងទ័ពនេះជាការពិតមែន នោះវានឹងក្លាយជាបរាជ័យ ដ៏ធំសម្រាប់រុស្ស៉ី ហើយនឹងធ្វើឱ្យស្ថានការណ៍សង្រ្គាមសព្វថ្ងៃកាន់តែផ្អៀងទៅរកអ៊ុយក្រែន៕