(កៀវ)៖ ប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកទីក្រុង និងភូមិជាច្រើននៅតំបន់ភាគខាងត្បូង Kherson បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានប្រកាសថា ពួកគេដកកងទ័ពមកវិញពីទឹកដីយុទ្ធសាស្ត្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
មេទ័ពអ៊ុយក្រែន លោក Valeriy Zaluzhny បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នៅថ្ងៃចុងក្រោយនេះ កងកម្លាំងអ៊ុយក្រែនបានដណ្តើមយកមកវិញនូវទីតាំងចំនួន១២ នៃតំបន់ Kherson ដោយដណ្តើមបានផ្ទៃដីជាង ២០០គីឡូម៉ែត្រពីកងកម្លាំងរុស្ស៊ី។
ការឈានទៅមុខយ៉ាងលឿននេះ បានកើតឡើងតិចជាងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជាឱ្យកងទ័ពរបស់ខ្លួន ដកខ្លួនចេញពីតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីទាំងមូល នៅច្រាំងខាងលិចនៃទន្លេឌីនីប្រូ (Dnipro) រួមទាំងទីក្រុង Kherson ដែលជារដ្ឋធានីក្នុងតំបន់តែមួយគត់ ដែលរុស្ស៊ីបានកាន់កាប់ក្នុងសង្គ្រាមប្រាំបួនខែ។
ប្រមុខអង្គការណាតូ (NATO) លោក ជែន ស្តូលធិនបឺគ (Jens Stoltenberg) នៅថ្ងៃពុធសប្តាហ៍នេះ បានសាទរចំពោះការដកថយរបស់កងទ័ពរុស្ស៊ីចេញពី ច្រាំងខាងលិច នៃទន្លេឌីនីប្រូ ថាជាជ័យជម្នះសម្រាប់អ៊ុយក្រែន តែលោកបានជំរុញដល់លោកខាងលិចកុំមើលស្រាលលទ្ធភាពរបស់ទីក្រុងមូស្គូ ក្នុងការត្រលប់មកវិញ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃពុធនេះ បានបញ្ជាឲ្យកងទ័ពរុស្ស៉ី ដកខ្លួនចេញពីទីក្រុងខឺសុន ភាគខាងត្បូងប្រទេសអ៊ុយក្រែនជាទីដែល កងកម្លាំងអ៊ុយក្រែន បាន និងកំពុងវាយបកយ៉ាងលឿនឆ្ពោះទៅមុខជាច្រើនសប្តាហ៍កន្លងមកនេះ៕