(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានបើកដំណើរការសេវាទិដ្ឋាការអាឡិចត្រូនិកពេលមកដល់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរអន្តរជាតិក្នុងការចូលប្រទេស។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Binsar Pandjaitan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅកោះបាលីថា រហូតមកដល់ពេលនេះ សេវាកម្មនេះត្រូវបានបើកសម្រាប់អ្នកធ្វើដំណើរមកពីប្រទេស និងតំបន់ចំនួន៤៦ប្រទេស ហើយនឹងបើកបន្ថែមទៀត។

ជនបរទេសត្រូវចុះឈ្មោះពាក្យសុំទិដ្ឋាការរបស់ពួកគេត្រឹមតែ​ ៩០ថ្ងៃមុនពេលចេញដំណើរ នៅលើគេហទំព័រ molina.imigration.go.id ដោយត្រូវធ្វើការទូទាត់ប្រាក់ចំនួន ៥០០,០០០រូពៀ (ប្រហែល ៣២ដុល្លារអាមេរិក) តាមរយៈប័ណ្ណឥណពន្ធ debit ឬ credit card។

ទិដ្ឋាការមានសុពលភាព ៣០ថ្ងៃ ហើយអាចបន្តបាន៣០ថ្ងៃទៀត។

ដំណើរការសាកល្បង នៃពាក្យសុំនេះត្រូវបានអនុវត្តចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុងហ្សាកាតា៕