(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបង្កកទ្រព្យសម្បត្តិរួមគ្នាដែលមាតម្លៃ១៨ពាន់លានផោន ឬស្មើនឹងប្រមាណ២០.៥ពាន់លានដុល្លារ ជារបស់មហាសេដ្ឋីរុស្ស៉ី បុគ្គល និងស្ថាប័នផ្សេងៗ ដែលត្រូវបានដាក់ទណ្ឌកម្ម ជុំវិញការឈ្លានពាននៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការិយាល័យអនុវត្តទណ្ឌកម្មនៃក្រសួងហិរញ្ញវត្ថុអង់គ្លេស បានឲ្យដឹងថា រុស្ស៉ីបានវ៉ាដាច់លីប៊ី និងអីរ៉ង់ ក្នុងការក្លាយជា ប្រទេសរងទណ្ឌកម្មច្រើនបំផុតរបស់អង់គ្លេស។ មន្រ្តីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក អាន់ឌ្រូ ហ្រ្គីហ្វហ្វីត (Andrew Griffith) បានគូសបញ្ជាក់ថា «យើងបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានលើរុស្ស៉ី ហើយវាកំពុងជះឥទ្ធិពលដល់ ការធ្វើសង្រ្គាមរបស់ពួកគេ។ យើងមិនអនុញ្ញាតឲ្យលោក ពូទីន ទទួលជោគជ័យក្នុងសង្រ្គាមដ៏ឃោរឃៅនេះឡើយ»

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះអង់គ្លេសបានដាក់ទណ្ឌកម្ម លើបុគ្គលជាង១,២០០នាក់ និងអង្គភាព១២០ នៅក្នុងប្រទេសរុស្ស៉ី រួមទាំងការកំណត់គោលដៅលើពាណិជ្ជករ និងក្រុមហ៊ុនធំៗដែលបម្រើដល់នយោបាយរុស្ស៉ីផងដែរ៕