(តេហេរ៉ង់)៖ សេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ តាស់នីម (Tasnim) នៅថ្ងៃព្រហស្បតិ៍នេះ ដែលដកស្រង់សម្តីរបស់ មេបញ្ជាការទ័ពអាកាសមួយរូប នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានឱ្យដឹងថា ប្រទេសអ៉ីរ៉ង់សម្រេចបានការផលិតមីស៉ីលបាលិស្ទីគ ដែលអាចហោះក្នុងល្បឿនលឿនជាងសំឡេង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកមេបញ្ជាការ អាមៀរ អាលី ហាជីហ្សាដេស (Amir Ali Hajizadeh) បាននិយាយដូច្នេះថា «មីស៉ីលនេះមានល្បឿនលឿនខ្លាំង ហើយអាចធ្វើការហោះហើរ ចេញនិងចូលស្រទាប់បរិយាកាសផែនដីបាន។ វាមានគោលដៅជាពិសេស ចំពោះប្រព័ន្ធការពារមីស៉ីលទំនើបៗរបស់សត្រូវ ហើយជាការបោះជំហានដ៏ធំមួយ នៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍមីស៉ីលរបស់ប្រទេសយើង»។
យ៉ាងណាក្តី មិនដែលមានសេចក្តីរាយការណ៍ណាមួយ អំពីមីស៉ីលបែបនេះត្រូវបានធ្វើតេស្ត ដោយប្រទេសអ៉ីរ៉ង់នោះឡើយ ហើយស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមមួយនេះ នៅតែអាចអភិវឌ្ឍឧស្សាហកម្មសព្វាវុធក្នុងស្រុកបានធំសម្បើមក៏ដោយ នៅចំពោះមុខការបិទខ្ទប់និងការដាក់ទណ្ឌកម្មអន្តរជាតិនោះ ក្រុមអ្នកវិភាគយោធារបស់លោកខាងលិច យល់ឃើញថាពេលខ្លះអ៉ីរ៉ង់ហាក់អួតអាងបំផ្លើសពី សមត្ថភាពសព្វាវុធពិតប្រាកដជាក់ស្តែងរបស់ខ្លួន។
គួរបញ្ជាក់ថា មីស៉ីលល្បឿនលឿនជាងសំឡេង ឬហៅថា hypersonic missile គឺអាចហោះហើរក្នុងល្បឿនលឿនជាង ល្បឿនរបស់សំឡេង យ៉ាងហោច៥ដង ខណៈសំឡេងល្បឿនស្មើនឹង ១,២៣៦គីឡូម៉ែត្រក្នុង១ម៉ោង ហើយធ្វើដំណើរក្នុងគន្លងផ្លូវដ៏ស្មុគស្មាញ ដែលប្រព័ន្ធការពារទូទៅ ពិបាកក្នុងការបាញ់ទប់ស្កាត់ពួកវា៕