(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ មិនទាន់អាចបញ្ជាក់អំពីការចូលរួមរបស់ប្រធានាធិបតី លោក ស៉ី ជិនពីង នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងត្រូវធ្វើឡើងនៅឯកោះបាលី នៃប្រទេសឥណ្ឌូណេស៉ី នៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។ នៅពេលត្រូវបានសួរអំពី វត្តមានរបស់មេដឹកនាំចិន ក្នុងកិច្ចប្រជុំកំពូលនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន (Zhao Lijian) បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំមិនទាន់មានព័ត៌មានណាមួយ ដើម្បីផ្តល់ឲ្យអ្នកនៅឡើយទេ សូមរង់ចាំការធ្វើបច្ចុប្បន្នភាពបន្តទៀត»

ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបង្ហើបឲ្យដឹងថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការផ្តល់សម្បទានជាមូលដ្ឋានណាមួយ ដល់ប្រទេសចិននោះទេ ហើយក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G20 ខាងមុខនេះ លោកចង់គូសបញ្ជាក់អំពីបន្ទាត់ក្រហមរបស់ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន ផងដែរ។

រីឯ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមនោះទេ ហើយគណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយរដ្ឋមន្ត្រីការបរទេស គឺ លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov)៕