(វ៉ាស៉ីនតោន)៖ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការកែច្នៃកាកសំណល់វិទ្យុសកម្មចេញពីថាមពលនុយក្លេអ៊ែរ មានបញ្ហាប្រឈមផ្នែកសន្តិសុខនិងការចំណាយ ប៉ុន្តែទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ នឹងអាចតាមដានដំណើរការ ប្រសិនបើសហរដ្ឋអាមេរិកចូលរួមក្នុងសកម្មភាពនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលអាកាសធាតុ ហៅកាត់ថា COP27 ក្នុងប្រទេសអេហ្ស៊ីប ប្រមុខ IAEA លោក រ៉ាហ្វាអែល ហ្រ្គូសស៉ី (Rafael Grossi) បានគូសបញ្ជាក់ថា «ខ្ញុំមិនឃើញថា មនុស្សជាច្រើនពិតជាកំពុងផ្តោតការយ៉ាងយកចិត្តទុកដាក់ ក្នុងការកែច្នៃឡើងវិញទេ។ ការកែច្នៃឡើងវិញគឺជាបច្ចេកទេសដ៏លំបាក ដែលទាមទារឲ្យមានរចនាសម្ព័ន្ធជាច្រើន»។

លោក ហ្រ្គូសស៉ី បានបន្ថែមថា «ប្រសិនបើសហរដ្ឋអាមេរិកបន្តការកែច្នៃឡើងវិញនោះ IAEA នឹងត្រួតពិនិត្យ ដើម្បីធានាថាវាមានសុវត្ថិភាព។ គ្មាននរណាម្នាក់នឹងធ្វើការកែច្នៃឡើងវិញ ដោយគ្មានការចូលរួមពី IAEA នោះទេ តែការកែច្នៃកាកសំណល់នុយក្លេអ៊ែរដែលកូរ៉េខាងជើងកំពុងធ្វើ គឺជាករណីលើកលែង»

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ចូ បៃដិន បានមើលឃើញថា ការមិនរីកសាយភាយថាមពលនុយក្លេអ៊ែរ គឺជាកត្តាសំខាន់ក្នុងការដោះស្រាយការបំភាយឧស្ម័ន ដែលភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយចាត់ទុកការកែច្នៃឡើងវិញជាមធ្យោបាយដ៏ឆ្លាតវៃ ដើម្បីជំរុញការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរក្នុងស្រុក និងកាត់បន្ថយកាកសំណល់។ កាលពីខែតុលា ទីក្រុងវ៉ាស៉ីនតោន បានផ្តល់ប្រាក់ចំនួន៣៨លានដុល្លារ ដល់ក្រុមហ៊ុនមួយចំនួនរួមទាំងគម្រោង GE Research ដែលជាការអភិវឌ្ឍន៍របស់ក្រុមហ៊ុន General Electric សម្រាប់ការកែច្នៃឡើងវិញនេះ៕