(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះចម្បាំងសាកល្បងគ្រឿងទី២ នៃប្រភេទយន្តហោះចម្បាំងហៅថា KF-21 Boramae (បូរ៉ាមេ) ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ នៅប្រទេសកូរ៉េខាងត្បូង ទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តហោះហើរលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារអភិវឌ្ឍសព្វាវុធរបស់ រដ្ឋាភិបាលកូរ៉េខាងត្បូង ​ហៅកាត់ DAPA បានឱ្យដឹងថា ការធ្វើតេស្តហោះហើរបស់ KF-21 គ្រឿងទីពីរនោះ បានប្រព្រឹត្តទៅ ក្នុងទីក្រុងសាឈាន់ (Sacheon) ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីសេអ៊ូល កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រាប់រយៈពេល៣៥នាទី នៅក្បែរទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន Korean Aerospace Industries (KAI) ដែលជាអ្នកអភិវឌ្ឍយន្តហោះចម្បាំងនោះ ហើយការហោះហើរបានបញ្ចប់ទៅវិញ ដោយមិនមានជួបបញ្ហាអ្វីឡើយ។

យន្តហោះសាកល្បង KF-21 គ្រឿងទីមួយ បានទទួលជោគជ័យ ក្នុងការធ្វើតេស្តហោះហើរលើកដំបូងរបស់វា កាលពីខែកក្កដា ឆ្នាំ២០២២នេះ។ បើតាមទីភ្នាក់ងារ DAPA ក្រុមហ៊ុន KAI គ្រោងផលិតយន្តហោះសាកល្បងចំនួន ៤គ្រឿងបន្ថែមទៀត ដែលនឹងធ្វើតេស្តហោះហើរ ជាដំណាក់កាល ចាប់ពីខែធ្នូ ឆ្នាំ២០២២នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣។

គួរបញ្ជាក់ថា ដោយចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៥ គម្រោងតម្លៃ៨.៨ទ្រីលានវ៉ុន ឬស្មើនឹង ៦.៤ពាន់លានដុល្លារអាមេរិកនេះ មានគោលដៅអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៤.៥ ដើម្បីជំនួសក្រុមយន្តហោះចម្បាំង F-4 និង F-5 របស់កូរ៉េខាងត្បូង ដែលមាន​អាយុកាល រាប់ទសវត្សរ៍មកហើយ។ យោធាកូរ៉េខាងត្បូង មានផែនការដាក់ពង្រាយយន្តហោះចម្បាំង KF-21 ឱ្យបានសរុប១២០គ្រឿង នៅត្រឹមឆ្នាំ២០៣២។ ដោយឡែក កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងនេះ ក៏មានការចូលរួមពាក់ព័ន្ធពីសំណាក់ ប្រទេសឥណ្ឌូណេស៉ីផងដែរ៕