(ព្រុចសែល)៖ ប្រមុខអង្គការណាតូ (NATO) លោក ជែន ស្តូលធិនបឺគ (Jens Stoltenberg) នៅថ្ងៃពុធសប្តាហ៍នេះ បានសាទរចំពោះការដកថយរបស់កងទ័ពរុស្ស៊ីចេញពី ច្រាំងខាងលិច នៃទន្លេឌីនីប្រូ ថាជាជ័យជម្នះសម្រាប់អ៊ុយក្រែន តែលោកបានជំរុញដល់លោកខាងលិចកុំមើលស្រាលលទ្ធភាពរបស់ទីក្រុងមូស្គូ ក្នុងការត្រលប់មកវិញ។ នេះ បើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅពេលត្រូវបានសួរអំពីការដកថយរបស់កងទ័ពរុស្ស៉ី លោក ស្តូលធិនបឺគ បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស យ៉ាងដូច្នេះថា «កងកម្លាំងរបស់ ទីក្រុងកៀវ ចាំបាច់ត្រូវពងឹ្រងសមត្ថភាពដើម្បីរំដោះទឹកដីអ៊ុយក្រែនបន្ថែមទៀត ហើយយើងត្រូវតែធ្វើឲ្យប្រាកដថា ការគាំទ្រដែលពួកគេទទួលបានពីចក្រភពអង់គ្លេស ពីសម្ព័ន្ធមិត្ត និងដៃគូណាតូ គឺមិនអាចខ្វះបាន»

លោក ស្តូលធិនបឺគ បានបន្ថែមថា «យើងបានឃើញការប្រកាសនេះហើយ ប៉ុន្តែយើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើងបន្តទៀត។ យើងមិនគួរមើលស្រាលរុស្ស៊ីឡើយ។ ពួកគេនៅតែមានសមត្ថភាព។ ជាការពិត ការវាយប្រហារដោយមីស៉ីល និងដ្រូន រយៈពេលជាង១ខែនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់អ៊ុយក្រែន ក៏ដូចជាសម្លាប់ជនស៉ីវិលផងដែរ»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃពុធនេះ បានបញ្ជាឲ្យកងទ័ពរុស្ស៉ី ដកខ្លួនចេញពីទីក្រុងខឺសុន ភាគខាងត្បូងប្រទេសអ៊ុយក្រែនជាទីដែល កងកម្លាំងអ៊ុយក្រែន បាន និងកំពុងវាយបកយ៉ាងលឿនឆ្ពោះទៅមុខជាច្រើនសប្តាហ៍កន្លងមកនេះ៕