(វ៉ាស៉ីនតោន)៖ សេតវិមាន បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-Yeol) ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរបស់កូរ៉េខាងជើង កំលុងពេលនៃដំណើរទស្សនកិច្ច មកកាន់តំបន់អាស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមសេតវិមាន មេដឹកនាំទាំង៣ នឹងត្រូវជួបគ្នាក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា គឺនៅពេលដែលលោក បៃដិន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងក្រុមប្រទេស G20។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោកស្រី អាន់ឌ្រៀន វ៉ាតសុន (Adrienne Watson) បានបញ្ជាក់ថា «មេដឹកនាំទាំង៣ នឹង ធ្វើការដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយការគំរាមកំហែងបង្កឡើងដោយ អាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់ របស់កូរ៉េខាងជើង»

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ នៅពេលដែលលោក បៃដិន បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅអាស៊ី មន្ត្រីរដ្ឋបាលរបស់លោកបាននិយាយថា ពួកគេកំពុងស្ថិត ក្នុងដំណាក់កាលចុងក្រោយនៃការពិនិត្យឡើងវិញ នូវគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង ហើយមានបំណងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការ ត្រីភាគីកាន់តែច្រើន ជាមួយទីក្រុងសេអ៊ូល និងតូក្យូ លើបញ្ហានេះ៕