(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធសប្តាហ៍នេះ បានស្នើនូវកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ១៨ពាន់លានអឺរ៉ូ ឬស្មើនឹង១៨.០៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ប៉ុន្តែត្រូវបានប្រទេសហុងគ្រី បដិសេធដោយលើកឡើងថាខ្លួននឹងមិនចូលរួមក្នុងជំនួយកម្ចីសម្បទានខ្ពស់បែបនេះឡើយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការគាំទ្ររបស់សហភាពអឺរ៉ុប គឺជាមធ្យមមានជាង១.៥ពាន់លានអឺរ៉ូ ក្នុងមួយខែ ដែលនឹងជួយគ្របដណ្តប់តម្រូវការមូលនិធិរយៈពេលខ្លី របស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣ ខណៈតម្រូវការដែលប៉ាន់ស្មានដោយទីក្រុងកៀវ និងមូលនិធិរូបិយវត្ថុអន្តរជាតិ គឺមានពី ៣ ទៅ ៤ពាន់លានអឺរ៉ូឯណោះ ក្នុងមួយខែ ហើយអ៊ុយក្រែននឹងត្រូវសងក្នុងរយៈពេល ៣៥ឆ្នាំ។

យ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងគ្រី លោក មីហាលី វ៉ាហ្កា (Mihaly Varga) បាននិយាយថា «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ហើយថាហុងគ្រី ត្រៀមខ្លួនជាស្រេចដើម្បី គាំទ្រអ៊ុយក្រែន ប៉ុន្តែយើងមិនមានបំណងចូលរួមផ្តល់ប្រាក់កម្ចីថ្មីណាមួយ ដែលត្រូវស្នើឡើងដោយ EU នោះទេ»

គួរបញ្ជាក់ថា សំណើសម្រាប់កញ្ចប់ជំនួយកម្ចីថ្មីនេះ ចាំបាច់ត្រូវតែឆ្លងកាត់ការអនុម័តយល់ព្រមពីសភាអឺរ៉ុប និងប្រទេសជាសមាជិកទាំង២៧។ តែដោយសារការជំទាស់របស់ ហុងគ្រី គេមិនទាន់អាចដឹងថាតើកញ្ចប់ជំនួយនេះនឹងត្រូវបានអនុម័តដែរឬក៏យ៉ាងណានោះទេ៕