(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាថាលោកនឹងធ្វើការជាមួយគណបក្សសាធារណរដ្ឋ ដែលកំពុងខិតកាន់តែជិតទៅរកការគ្រប់គ្រង សំឡេងភាគច្រើននៃសភាតំណាងរាស្ត្រ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាប្រជាជនអាមេរិក បានបញ្ជាក់ យ៉ាងច្បាស់ថាពួកគេរំពឹងថាគណបក្សសាធារណរដ្ឋ នឹងត្រូវរៀបចំខ្លួន ដើម្បីធ្វើការជាមួយខ្ញុំ»។ លោក បៃដិន ក៏បានរំលឹកឡើងវិញនូវបំណងរបស់លោកក្នុង ការឈរឈ្មោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ដោយនិយាយថាលោកនឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅដើមឆ្នាំ២០២៣។

លទ្ធផលបណ្តោះអាសន្ននៃការប្រកួតប្រជែងក្នុងរដ្ឋណេវ៉ាដា (Nevada) និងរដ្ឋអារីហ្សូណា (Arizona) គឺគណបក្សសាធារណរដ្ឋ តាមប្រកៀកប្រកិតជាមួយ គណបក្សប្រជាធិបតេយ្យ ប៉ុន្តែនៅមិនទាន់មានការសម្រេចឡើយ ដោយការរាប់សន្លឹកឆ្នោតរាប់ពាន់សន្លឹកអាចចំណាយពេលច្រើនថ្ងៃ។ តែ គណបក្សសាធារណរដ្ឋ កំពុងខិតកាន់តែជិតទៅរកកៅអីចំនួន២១៨ ដែលជាសំឡេងភាគច្រើន ដើម្បីដណ្តើមការគ្រប់គ្រងសភាតំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា លោក ចូ បៃដិន នៅក្នុងសប្ដាហ៍នេះក៏បានព្រមានដែរពីគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ ប្រសិនបើគណបក្សសាធារណរដ្ឋទទួលបានជ័យជម្នះនៅក្នុង ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថាការគ្រប់គ្រងសភាណាមួយ ក្នុងចំណោមសភាទាំង២ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការគាំទ្រ របស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន៕