(ហ្សាការតា)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅសប្ដាហ៍ក្រោយនេះ នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីឥណ្ឌូណេស៊ីម្នាក់។ មន្ត្រីរូបនេះដដែលបានឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោក ពូទីន នឹងត្រូវតំណាងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅក្នុងកិច្ចប្រជុំកំពូល G20។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ក៏បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរថា នៅក្នុងកិច្ចសន្ទនាមួយជាមួយលោក ពូទីន កាលពីសប្ដាហ៍មុន បានធ្វើឱ្យរូបលោកមានអារម្មណ៍ដឹងច្បាស់ថាមេដឹកនាំរុស្ស៉ីរូបនេះនឹងមិនមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20​ នៅលើកោះបាលី ឡើយ។

ឥណ្ឌូណេស៊ី បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកានេះ។ តែលោក ហ្សេលេនស្គី បានអះអាងថាលោកនឹងមិនមកចូលរួមឡើយ បើមានវត្តមានលោក ពូទីន ខណៈមេដឹកនាំពិភពលោកដទៃទៀត ក្នុងនោះរួមមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏ត្រូវបានគេរំពឹងដែរថានឹងមានវត្តមានក្នុងកិច្ចប្រជុំនេះ៕