(ឌូបៃ)៖ រដ្ឋមន្ត្រីទទួលបន្ទុកចារកម្មរបស់អ៉ីរ៉ង់ បានប្រាប់អារ៉ាប៊ីសាអូឌីតថាទីក្រុងតេហេរ៉ង់ អាចនឹងអស់ភាពអត់ធ្មត់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាទីក្រុង រីយ៉ាដ បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា អ៉ីរ៉ង់មានផែនការវាយប្រហារមកលើខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ការព្រមានខាងលើរបស់លោក អ៉ីស្មាអែល ខទីប (Esmail Khatib) ត្រូវបានដកស្រង់ចេញផ្សាយបន្តដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ហ្វាស់ (Fars) នៅថ្ងៃពុធ សប្ដាហ៍នេះ។ លោក អ៉ីស្មាអែល បានគូសបញ្ជាក់ដូច្នេះថា «មកទល់នឹងបច្ចុប្បន្ន អ៉ីរ៉ង់បានអនុវត្តយុទ្ធសាស្ត្រអត់ធ្មត់ ជាមួយការប្រកាន់ខ្ជាប់នូវភាពសមហេតុផល ប៉ុន្តែ វាមិនអាចធានាបានថាការអត់ធ្មត់នេះនឹងមានរហូតនោះទេ ប្រសិនបើសកម្មភាពអរិភាពនៅតែបន្ត។ បើអ៉ីរ៉ង់សម្រេចចិត្តសងសឹក និងដាក់ទណ្ឌកម្ម...នោះ ប្រទេសទាំងនេះ (រួមទាំងអារ៉ាប៊ីសាអូឌីត) នឹងមិនអាចមានស្ថិរភាពទៀតនោះទេ»។
គួរបញ្ជាក់ថា អ៉ីរ៉ង់ បានចោទប្រកាន់បណ្ដាប្រទេសដែលខ្លួនចាត់ទុកថាជាសត្រូវ ដូចជាសហរដ្ឋអាមេរិក អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ថាបាននិងកំពុងបង្ក ចលាចលនៅក្នុងប្រទេស តាមរយៈការរៀបចំ និងញុះញង់ឱ្យមានបាតុកម្មតវ៉ា់ បន្ទាប់ពីស្ត្រីអ៉ីរ៉ង់មា្នក់បានស្លាប់ អំឡុងពេលត្រូវបានប៉ូលិសឃុំខ្លួនកាលពីខែកញ្ញា កន្លងទៅ។ កាលពីខែតុលា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ក៏ធ្លាប់បានព្រមានអារ៉ាប៊ីសាអូឌីតដែរថាឱ្យគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យបានល្អផងដែរ៕