(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃពុធនេះ បានបញ្ជាឱ្យកងទ័ពរបស់ទីក្រុងមូស្គូ ដកខ្លួនចេញពីទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលកងកម្លាំងអ៊ុយក្រែន បាននិងកំពុងវាយបកយ៉ាងលឿនឆ្ពោះទៅមុខជាច្រើនសប្តាហ៍កន្លងមកនេះ។ ​នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Shoigu បាននិយាយនៅក្នុងសន្និសីទវីដេអូមួយ ជាមួយមេបញ្ជាការរុស្ស៊ីនៅអ៊ុយក្រែន លោក Sergei Surovykin ដែលបង្ហាញពី «ការសម្រេចចិត្តដ៏លំបាក» ក្នុងការដកកងទ័ពចេញពីទីក្រុង Kherson និងបានបញ្ជាឲ្យកសាងការការពារនៅច្រាំងខាងឆ្វេងនៃទន្លេ Dnieper ។

សេចក្តីសម្រេចនេះបានកត់សម្គាល់ថា​ ជាការដកថយដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីខ្លួនបានចាប់ផ្តើមការវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។

គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសគាំទ្រជាសាធារណៈចំពោះការជម្លៀសជនស៊ីវិល ពីផ្នែកខ្លះនៃតំបន់ខឺសុន (Kherson) ភាគខាងត្បូងអ៊ុយក្រែន ជាទីដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុតរវាងកងទ័ពនៃប្រទេសទាំងពីរ៕