(កៀវ)៖ បណ្តាប្រទេសនៅអឺរ៉ុបខាងកើត កំពុងត្រៀមលក្ខណៈសម្រាប់ការមកដល់នៃជនភៀសខ្លួនអ៊ុយក្រែនថ្មីៗបន្ថែមទៀត ចំពោះការកំណត់គោលដៅរបស់រុស្ស៊ីក្នុងការវាយប្រហារលើរោងចក្រថាមពល និងកំដៅ មុនរដូវរងាចូលមកដល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប្រជាជនប្រហែល ៤លាននាក់កំពុងគ្មានអគ្គិសនីប្រើប្រាស់។ តំបន់ចំនួន១៤ បូកទាំងរដ្ឋធានីកៀវ គឺគ្មានថាមពល ហើយប្រតិបត្តិករបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន យូក្រែននឺហ្គោ (Ukrenergo) បានឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីរៀងរាល់ម៉ោង នឹងប៉ះពាល់ទូទាំងប្រទេស នៅថ្ងៃពុធនេះ។

កំលុងរដូវរងា ជាពេលដែលសីតុណ្ហភាពជាមធ្យមធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេ អាចមានមនុស្សប្រហែល ៦.៩លាននាក់ ត្រូវបានគេជឿថានឹងផ្លាស់ទីលំនៅ ទាំងនៅក្នុងឬចាកចេញពីប្រទេស ខណៈដែលបណ្តាប្រទេសនៅអឺរ៉ុបខាងកើត ដូចជាស្លូវ៉ាគី និងហុងគ្រី កំពុងរៀបចំសម្រាប់ការហូរចូលនៅក្នុងប៉ុន្មានខែខាងមុខនេះ។

គួរបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយបកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រីឯរុស្ស៊ីវិញកំពុងដាក់កងកម្លាំងរបស់ខ្លួនបន្ថែម ដើម្បីការពារតំបន់របស់អ៊ុយក្រែនដែលខ្លួននៅតែកាន់កាប់៕