(តៃប៉ិ)៖ ប្រធានាធិបតី លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រាប់រដ្ឋមន្ត្រីអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ នាថ្ងៃពុធនេះថា តៃវ៉ាន់សង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី លោក រីស៉ី ស៊ូណាក់ (Rishi Sunak)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបជាមួយលោក ហ្រ្កិក ហែនស៍ (Greg Hands) រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោកស្រី សៃ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ចំពោះការគាំទ្ររយៈពេលវែងរបស់ខ្លួន លើការចូលរួម និងសន្តិភាព និងស្ថិរភាពរបស់តៃវ៉ាន់នៅច្រកសមុទ្រតៃវ៉ាន់។

លោកស្រី សៃ បានគូសបញ្ជាក់ថា «យើងសូមផ្សាភ្ជាប់សារៈសំខាន់ចំពោះសំណើរបស់អង់គ្លេស ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្មដែលប្រសើរឡើងរវាងតៃវ៉ាន់ និងអង់គ្លេស។ គោលដៅរបស់យើងគឺពង្រឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ហើយនឹងធ្វើការរួមគ្នាដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី»

លោក ហែនស៍ បានលើកឡើងថា «ទំនាក់ទំនងរបស់យើងគឺលើសពីពាណិជ្ជកម្ម និងការវិនិយោគ ដោយសារដែនកោះទាំងពីរ មានលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នរឹងមាំ។ យើងមានភាពដូចគ្នាច្រើន ហើយប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដូចគ្នា»

គួរបញ្ជាក់ថា ក្រសួងការបរទេសចិននៅសប្តាហ៍នេះ បានសម្តែងការខឹងសម្បារចំពោះផែនការធ្វើដំណើរទស្សនកិច្ចនេះ និងបានស្នើឲ្យចក្រភពអង់គ្លេសគួរតែបញ្ឈប់ការផ្លាស់ប្តូរជាផ្លូវការណាមួយជាមួយតៃវ៉ាន់៕