(ប៉េកាំង)៖ អាជ្ញាធរចិន បានឲ្យដឹងថា អ្នកស្រុករាប់លាននាក់នៃមជ្ឈមណ្ឌលផលិតកម្មភាគខាងត្បូង នៃទីក្រុងក្វាងចូវរបស់ប្រទេសចិន នឹងត្រូវតម្រូវឲ្យធ្វើតេស្តរកកូវីដ ១៩ នៅថ្ងៃពុធនេះ ក្នុងកិច្ចប្រឹងប្រែងដើម្បីគ្រប់គ្រងការផ្ទុះឡើងដ៏អាក្រក់បំផុត ខណៈការឆ្លងកើនឡើងដល់ខ្ទង់២,០០០នាក់សម្រាប់រយៈពេល២ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ករណីក្នុងស្រុកនៅទូទាំងប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣០ ខែមេសាមក ដោយអាជ្ញាធរបានប្រកាសថាស្រុកចំនួន៥ ដែលតំណាងឲ្យប្រជាជនជាងពាក់កណ្តាលនៃទីក្រុងក្វាងចូវជិត ១៩លាននាក់ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តទ្រង់ទ្រាយធំ។

នៅថ្ងៃទី៨ ខែវិច្ឆិកា ទីក្រុងក្វាងចូវ មានអ្នកឆ្លងជំងឺកូវីដក្នុងស្រុកថ្មីចំនួន ២,៦៣៧។ គិតចាប់តាំងពីការផ្ទុះឡើងរហូតមកដល់បច្ចុប្បន្ន គឺមានអ្នកឆ្លងជិតមួយភាគបីហើយ ដែលត្រូវបានរាយការណ៍ក្នុងទីក្រុងនេះ។

គួរបញ្ជាក់ថា ការធ្វើតេស្តទ្រង់ទ្រាយធំថ្មីចុងក្រោយបង្អស់នៅទីក្រុងក្វាងចូវ បានកើតឡើងនៅពេលដែលប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការស្ទុះងើបឡើងវិញនៃការឆ្លងនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខានជាច្រើន រួមទាំងរដ្ឋធានីប៉េកាំង ផងដែរ៕