(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា កងកម្លាំងរបស់លោកនឹងមិនបណ្តោយឲ្យបាត់បង់ទឹកដីសូម្បី «មួយសង់ទីម៉ែត្រ» ឡើយ ក្នុងការប្រយុទ្ធដើម្បីគ្រប់គ្រងតំបន់ដូណេត (Donetsk) ដែលស្ថិតនៅភាគខាងកើត ខណៈក្រុមមន្ត្រីដែលរុស្ស៊ីលើកបន្តុប បានពិពណ៌នាថាកងកម្លាំងអ៊ុយក្រែន កំពុងចាកចេញពីទីនេះ ទៅកាន់ទីក្រុងភាគខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ចំណុចស្នូលនៃជម្លោះនៅក្នុងតំបន់ឧស្សាហកម្មដូណេត គឺនៅជុំវិញទីក្រុងបាកមុត (Bakhmut) សូឡេដា (Soledar) និងអៅឌីវកា (Avdiivka) ដែលជាសមរភូមិប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពាន នៅអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។
ថ្លែងតាមរយៈវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «សកម្មភាពរបស់រុស្ស៉ីក្នុងការដណ្តើមកាន់កាប់នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុត។ មានការវាយប្រហាររាប់សិបដងជារៀងរាល់ថ្ងៃ»។
លោក ហ្សេលេនស្គី បានបន្ថែមថា «ពួកគេក៏ទទួលរងការខាតបង់ខ្ពស់គួរឲ្យកត់សម្គាល់ដែរ។ ប៉ុន្តែការដាក់បញ្ជាដើម្បីឈានទៅមុខនៅលើព្រំដែនរដ្ឋបាលនៃតំបន់ Donetsk គឺនៅដដែល។ ហើយយើងក៏មិនព្រមឲ្យបាត់បង់ដីមួយសង់ទីម៉ែត្រនោះឡើយ»។
គួរបញ្ជាក់ថា ដូណេត គឺជាតំបន់មួយក្នុងចំណោមទីតាំងទាំង៤ ដែលរុស្ស៊ីបានប្រកាសកាត់បញ្ចូលដោយខុសច្បាប់ កាលពីចុងខែកញ្ញា។ វាក៏ជាទីដែលមានការប្រយុទ្ធគ្នា រវាងយោធាអ៊ុយក្រែន និងកងកម្លាំងគាំទ្រដោយរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៤ ជាឆ្នាំដែលក្រុងម៉ូស្គូបានបញ្ចូលតំបន់គ្រីមៀ នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន៕