(អ៉ីស្លាមបាត)៖ ប៉ូលិសប៉ាគីស្ថាន បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើការប៉ុនប៉ងធ្វើឃាត ដែលបរាជ័យលើអតីតនាយករដ្ឋមន្ត្រី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ហើយបាននិយាយថា អ្នកបាញ់ប្រហារគឺធ្វើសកម្មភាពតែម្នាក់ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ប៉ូលិសកំណត់បានអត្តសញ្ញាណជនសង្ស័យ ឈ្មោះ មហាំម៉ាត់ ណាវីដ (Mohammad Naveed) ភេទប្រុស អាយុ៣០ឆ្នាំ។ អ្នកជិតខាងបាននិយាយថា ឆ្នាំនេះជនសង្ស័យបានត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលរូបគេធ្លាប់ធ្វើការជាជាងជួសជុលបំពង់ទឹកអស់ជាច្រើនឆ្នាំ។ ណាវីដ ជាមនុស្សស្ងប់ស្ងាត់ ហើយមុនពេលលេចឡើងនូវការវាយប្រហារនេះ គេបានបង្ហាញសញ្ញាមួយចំនួនទាក់ទងនឹងសាសនា។
រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក រ៉ាណា សាន់ណុលឡា (Rana Sanaullah) បាននិយាយថា ជនសង្ស័យត្រូវបានលើកទឹកចិត្តដោយខ្លួនឯង។ លោក សាន់ណុលឡា បានបញ្ជាក់ថា «អ្វីដែលយើងទទួលបានពីទូរសព្ទដៃរបស់ជនស្សង័យ បង្ហាញថាជនសង្ស័យលើកទឹកចិត្តខ្លួនឯង និង ប្តេជ្ញាចិត្តយ៉ាងពេញលេញ»។
គួរបញ្ជាក់ថា លោក ខាន់ អាយុ៧០ឆ្នាំ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានឲ្យដឹងថា អាចមានមនុស្ស២នាក់ ដែលបានបាញ់មកលើរូបលោក នៅឯការប្រមូលផ្តុំក្នុងទីក្រុង វ៉ាហ្ស៉ីរ៉ាបាដ (Wazirabad) ភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕