(កាត្មាន់ណ្ឌូ)៖ មជ្ឈមណ្ឌលទទួលបន្ទុកគ្រោះរញ្ជួយដី បានឲ្យដឹងថា រញ្ជួយដីកម្រិត៦.៦រ៉ិចទ័រ បានវាយប្រហារប្រទេសនេប៉ាល់ នៅព្រឹកថ្ងៃពុធនេះ ដោយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាមនុស្សចំនួន៦នាក់ បានស្លាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា ANI បានរាយការណ៍ថា មនុស្សចំនួន ៦នាក់ ត្រូវបានគេរកឃើញថាស្លាប់ បន្ទាប់ពីផ្ទះមួយខ្នងបានដួលរលំពីការរញ្ជួយដី នៅក្នុងស្រុកដូទី (Doti) នៃប្រទេសនេប៉ាល់។

ការរញ្ជួយដីនេះស្ថិតនៅចំងាយប្រហែល ១៥៨គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងពីលីបហីត (Pilibhit) ដែលជាទីក្រុងមួយនៅក្នុងរដ្ឋអ៊ូតាប្រាដេស (Uttar Pradesh) នៃប្រទេសឥណ្ឌា ហើយបានកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ៕