(អង់ការ៉ា)៖ នាយករដ្ឋមន្ត្រីថ្មីរបស់ស៊ុយអែត លោក Ulf Kristsson នឹងជួបជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីព្យាយាមស្វែងរកការយល់ព្រមពីប្រទេសតួកគី សម្រាប់ប្រទេសរបស់ខ្លួនចូលជាសមាជិកអង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨​ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានបោះបង់ចោលគោលនយោបាយ មិនចូលបក្សសម្ព័ន្ធយោធាយូរអង្វែងរបស់ពួកគេ ហើយបានដាក់ពាក្យសុំចូលជាសមាជិកក្នុងសម្ព័ន្ធភាពយោធាអង្គការណាតូ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ដោយបារម្ភថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចកំណត់គោលដៅបន្ទាប់លើប្រទេសពួកគេ។

ប៉ុន្តែប្រទេសតូកគីដែលបានចូលរួមជាមួយអង្គការណាតូតាំងពីឆ្នាំ១៩៥២ មក មិនទាន់បានបើកភ្លើងខៀវសម្រាប់ប្រទេសទាំងពីរនៅឡើយទេ ដោយចោទប្រកាន់ពួកគេ ពីការមិនអើពើនឹងកង្វល់សន្តិសុខរបស់ទីក្រុងអង់ការ៉ា។ រដ្ឋាភិបាលរបស់ លោក Erdogan កំពុងជំរុញឱ្យប្រទេសទាំងពីរបង្រ្កាបបុគ្គលដែលខ្លួនចាត់ទុកថាជាភេរវករ រួមទាំងអ្នកគាំទ្រគណបក្សពលករឃឺដ និងអ្នកដែលសង្ស័យថា បានរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យនៅក្នុងប្រទេសតួកគីក្នុងឆ្នាំ២០១៦​ផងដែរ។

ប្រទេសតួកគីក៏បានអំពាវនាវឱ្យមានការដកទណ្ឌកម្មអាវុធ ដែលត្រូវបានដាក់លើខ្លួន បន្ទាប់ពីការលុកលុយឆ្នាំ២០១៩ របស់ខ្លួន ចូលទៅក្នុងភាគខាងជើងប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដផងដែរ។ ប្រទេសស៊ុយអែតកាលពីខែមុនបាននិយាយថា ខ្លួននឹងដកទណ្ឌកម្មនេះដែលជាជំហានមួយ ដែលត្រូវបានគេមើលឃើញថា មានគោលបំណងធានាការយល់ព្រមពីទីក្រុងអង់ការ៉ា។

គួរបញ្ជាក់ថា លោក Kristersson គ្រោងនឹងជួបពិភាក្សាជាមួយ លោក Erdogan នៅវិមានប្រធានាធិបតីតួកគី បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ៕