(មូស្គូ)៖ កាសែតរុស្ស៊ី Kommersant បានរាយការណ៍ដោយដកស្រង់ប្រភពបួន ដែលដឹងពីការពិភាក្សានេះថា រុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នា ស្តីពីអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រជាលើកដំបូង ចាប់តាំងពីទីក្រុងម៉ូស្គូបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចពិភាក្សារវាងភាគីទាំងពីរស្តីពីស្ថិរភាពជាយុទ្ធសាស្ត្រ បានជាប់គាំងចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បើទោះបីជាសន្ធិសញ្ញា New START ស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរនៅជាធរមានក៏ដោយ។

កាសែតបាននិយាយថា កិច្ចចរចាអាចធ្វើឡើងនៅមជ្ឈិមបូព៌ា ដោយបន្ថែមថា ទីក្រុងមូស្គូលែងមើលឃើញប្រទេសស្វីស ដែលជាកន្លែងប្រពៃណី មានភាពអព្យាក្រឹតគ្រប់គ្រាន់ទៀតហើយ បន្ទាប់ពីប្រទេសនេះបានដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន៕