(ម៉ានីល)៖ ប៉ូលិសបាននិយាយថា មនុស្សបួននាក់ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកការបាញ់ប្រហារទៅលើមនុស្សដែលកំពុងដេកនាពេលព្រឹកព្រលឹមកាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Basilan ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ប៉ូលីសបាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៥៖០០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងទីក្រុង Lamitan ។ ជនរងគ្រោះដេកស្លាប់នៅនឹងកន្លែងកើតហេតុ។
ប៉ូលិសបានបន្ថែមថា ជនរងគ្រោះម្នាក់ទៀតត្រូវបានគេរាយការណ៍ថា បានរងរបួសក្នុងការវាយប្រហារនេះ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។
ប៉ូលិសបានរកឃើញសំបកគ្រាប់កាំភ្លើងរាប់សិបគ្រាប់ និងកាំភ្លើងវែង M-16 មួយដើម ជាមួយគ្រាប់រំសេវ។ ពួកគេកំពុងស៊ើបអង្កេតមូលហេតុ នៃការវាយប្រហារ និងអត្តសញ្ញាណអ្នកបាញ់ប្រហារ៕