(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ នឹងរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលជាការបោះឆ្នោតដ៏សំខាន់មួយ ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២១មក។ ប្រជាជនអាមេរិកជិត ២៥០លាននាក់ ដែលមានសិទ្ធិ និងបានចុះឈ្មោះបោះឆ្នោតនឹងត្រូវ បោះឆ្នោតដោយផ្ទាល់ និងតាមរយៈប្រៃសនីយ៍ ហើយលទ្ធផលក្នុងការបោះឆ្នោតនេះពិតជាមានសារៈសំខាន់សម្រាប់លោក ចូ បៃដិន។ ដ្បិតបើគណបក្សសាធារណរដ្ឋ ទទួលបានសំឡេងភាគច្រើន នៅក្នុងសភាណាមួយក្នុងចំណោមសភាទាំង២ របស់សហរដ្ឋអាមេរិក នោះពួកគេនឹងរារាំងរបៀបវារៈនយោបាយរបស់លោក បៃដិន។

ដូច្នេះខាងក្រោមនេះគឺជាចំណុចសំខាន់ដែលអ្នកគួរដឹងពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នៅសហរដ្ឋអាមេរិក៖

*តើប្រជាជនអាមេរិក បោះឆ្នោតជ្រើសរើសអ្វី ក្នុងការបោះឆ្នោតពាក់កណ្ដាអាណត្តិ?

នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ពលរដ្ឋអាមេរិកនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា អភិបាលរដ្ឋ អភិបាលក្រុង ព្រមទាំងសមាជិកសភានៅតាមរដ្ឋធានីមួយៗ។

១. សភាតំណាងរាស្ត្រ៖ ពលរដ្ឋអាមេរិក នៅទូទាំងចំនួន៥០ នឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រចំនួន ៤៣៥រូប។ នៅសហរដ្ឋអាមេរិក សមាជិករដ្ឋសភា ឬសភាតំណាងរាស្ត្រមានអាណត្តិត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ ម្លោះហើយ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាថ្មី ត្រូវធ្វើឡើងដំណាលគ្នាជាមួយ ការបោះឆ្នោតប្រធានាធិបតី និងលើកទី២ ត្រូវធ្វើឡើងក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។

. ព្រឹទ្ធសភា៖ នៅក្នុងឆ្នាំ២០២២នេះ មានសមាជិកព្រឹទ្ធសភាចំនួន ៣៥រូប ឬ ៣៥កៅអី ត្រូវបោះឆ្នោតជ្រើសរើសជាថ្មី ឬស្មើនឹង ១ភាគ៣ នៃចំនួនសមាជិកព្រឹទ្ធសភា ទាំង១០០រូប។ សមាជិកព្រឹទ្ធសភាអាមេរិក មានអាណត្តិ ៦ឆ្នាំ ហើយក្នុងនោះសមាជិក ១ភាគ៣ ឬស្មើ ៣៥រូប ត្រូវដាក់ឱ្យផុតអាណត្តិ ហើយដូចគ្នាទៅនឹងសភា តំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មីទាំងនេះ ត្រូវធ្វើត្រូវធ្វើឡើងលើកទី១ ដំណាលគ្នាជាមួយការបោះឆ្នោតប្រធានាធិបតី និងលើកទី២ ត្រូវធ្វើឡើង ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋមានសំឡេងនៅក្នុងព្រឹទ្ធសភាចំនួន ៥០អាសនៈ ខណៈគណបក្សប្រជាធិបតេយ្យ មាន ៤៨អាសនៈ រួមជាមួយសមាជិកសភាឯករាជ្យ ២នាក់ទៀតដែលគាំទ្រគណបក្សប្រជាធិបតេយ្យ។ ចំណែកឯ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស គឺជាមេដឹកនាំព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ ដូច្នេះនៅពេលមានសំឡេងស្មើគ្នា នោះលោកស្រីគឺជាអ្នកបោះឆ្នោតសម្រេចចុងក្រោយ។

៣. អភិបាលរដ្ឋ៖ នៅក្នុងសហរដ្ឋអាមេរិក មានរដ្ឋចំនួន៥០ ដោយរដ្ឋនីមួយៗសុទ្ធតែមានអភិបាលរដ្ឋជាអ្នកដឹកនាំ។ អភិបាលរដ្ឋមានអាណត្តិ៤ឆ្នាំ លើកលែងតែនៅក្នុង រដ្ឋ Vermont និងរដ្ឋ New Hampshire ដែលអភិបាលរដ្ឋមានអាណត្តិ ២ឆ្នាំតែប៉ុណ្ណោះ។ អភិបាលរដ្ឋទាំង៥០នេះ មិនត្រូវបានបោះឆ្នោត និងផុតអាណត្តិក្នុងឆ្នាំ ឬពេលជាមួយគ្នាឡើយ ដោយវាអាស្រ័យលើច្បាប់ដែលកំណត់ដោយរដ្ឋនីមួយៗ។ នៅថ្ងៃទី៨ ខែវិច្ឆិកា ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋចំនួន៣៦ និងដែនដីចំនួន៣ រួមមាន Guam, Northern Mariana Islands និង American Samoa នឹងបោះឆ្នោតជ្រើសរើសអភិបាលរបស់ខ្លួននៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។

*តើគណបក្សសាធារណរដ្ឋអាចនឹងដណ្ដើមសំឡេងនៅសភា បានមកវិញឬទេ?

បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យ កំពុងកាន់កាប់សំឡេងភាគច្រើនទាំងនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។ ក្រុមអ្នកជំនាញ ដូចជាលោក Alan Abramowitz ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយម្នាក់ មកពីសាកលវិទ្យាល័យ Emory University ក្នុងទីក្រុង Atlanta បាននិយាយថាជាទូទៅ គណបក្សរបស់ប្រធានាធិបតី តែងតែបាត់បង់អាសនៈនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ប៉ុន្តែ គណបក្សប្រជាធិបតេយ្យនៅតែរំពឹងដដែលថា អាចនឹងរក្សាអាសនៈភាគច្រើនរបស់ខ្លួនបាន ជាមួយការប្រើប្រាស់ «ការលុបចោលសិ្ធទ្ធិរំលូតកូន រួមទាំងសំណុំរឿងរបស់លោក ដូណាល់ ត្រាំ» ដើម្បីបំបែក ប្រជាប្រិយភាពរបស់បក្សសាធារណរដ្ឋ។ តែយ៉ាងនេះក្ដី អ្នកជំនាញរំពឹងថាយ៉ាងហោចណាស់ បក្សសាធារណរដ្ឋអាចនឹងដណ្ដើមគ្រប់គ្រងបានរដ្ឋសភា ឬសភាតំណាងរាស្ត្រមកវិញ៕