(កៀវ)៖ ពលរដ្ឋក្នុងក្រុងកៀវ ត្រូវបានគេស្នើឱ្យមានការចាកចេញពីទីលំនៅដ្ឋានរបស់ខ្លួនសិន បើសិនណាជារដ្ឋធានីកៀវ នឹងត្រូវដាច់អស់ទាំងស្រុងនូវ ប្រព័ន្ធទឹក និងភ្លើងដោយសារតែការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីលើគោលដៅនៃទីតាំងដ៏សំខាន់ៗទាំងនោះ។ ពលរដ្ឋនឹងអាចប្រឈម ការស្លាប់ដោយសារភាពរងារត្រជាក់ បើសិនជាក្នុងមូលដ្ឋានគ្មានឧបករណ៍ជួយទ្រទ្រង់ជីវិតទាំងនោះទេ។

នៅជាមួយគ្នានេះផងដែរ អ៊ឺរ៉ង់បានសារភាពទទួលស្គាល់ជាលើកដំបូងថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ ធ្លាប់បានផ្តល់ដ្រូនដល់រុស្ស៊ីពិតប្រាកដមែន ប៉ុន្តែថា ការផ្តល់នោះនៅមុនព្រឹត្តិការណ៍វាយប្រហារ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមកម្ល៉េះ។ អ៊ីរ៉ង់បានទទួលស្គាល់ជាលើកដំបូងថារដ្ឋាភិបាលក្រុងតេហេរ៉េង់ បានឧបត្ថម្ភដ្រូនទៅប្រទេសរុស្ស៊ី ប៉ុន្តែបញ្ជាក់ថាថាដ្រូនរបស់អ៊ីរ៉ង់នោះ ត្រូវបានផ្តល់ឱ្យរស្ស៊ី គឺនៅមុនព្រឹត្តិការណ៍ថ្ងៃទី២៤ ខែកុម្ភៈដែលមុនទង្វើឈ្លានពាន របស់រុស្ស៊ីចូលក្នុងទឹកដីអ៊ុយក្រែន។

រដ្ឋាភិបាលក្រុង កៀវ និងប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិចបានចោទថារុស្ស៊ីបានប្រើដ្រូនរបស់អ៊ីរ៉ង់លើការវាយប្រហារដាក់ លើបណ្តាទីក្រុងអ៊ុយក្រែន នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែរុស្ស៊ីតែងបដិសេធថាវាមិន មែនជាការពិតនោះទេ។ រុស្ស៊ីកន្លងមកបានបកស្រាយថា ដ្រូនដែលប្រើប្រាស់វាយប្រហារ ក្នុងអ៊ុយក្រែន គឺជាដ្រូនមានម៉ាក និងផលិតដោយប្រទេសរុស្ស៊ីខ្លួនឯងដោយផ្ទាល់ បើទោះបីជាអ៊ុយក្រែនបានអះអាងថា គេធ្លាប់បានបាញ់ទម្លាក់ដ្រូន របស់អ៊ីរ៉ង់នោះជាច្រើនគ្រឿងក៏ដោយ ក្នុងពេលដែលមានការទប់ស្កាត់ការវាយប្រហារតាមផ្លូវអាកាសនោះ។

ប្រទេសអ៊ីរ៉ង់ មុននេះ ក៏ធ្លាប់បានបដិសេធជុំវិញការផ្តល់ដ្រូនរបស់ខ្លួនដល់រុស្ស៊ីនោះផងដែរ ប៉ុន្តែវេលាចុងក្រោយនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដោយទទួលស្គាល់ថាអ៊ីរ៉ង់ធ្លាប់បានផ្តល់ដ្រូនរបស់ខ្លួនឱ្យរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងប្រាប់សារព័ត៌មានបរទេសថា ពាក់ព័ន្ធនឹងការជួយឧបត្ថម្ភដ្រូនដល់រុស្ស៊ីនោះ វាគឺជារឿងពិត ប៉ុន្តែលោកថ្លែងថាអ៊ីរ៉ង់បានផ្តល់ដ្រូនទៅឱ្យរុស្ស៊ី ក្នុងចំនួន ដែលមានកំណត់ទុកនោះ គឺមានតាំងពីច្រើនខែមុនសង្គ្រាមកើតឡើងក្នុងអ៊ុយក្រែននោះទៅទៀត។

ទោះជាយ៉ាងណាក្តីលោក Hossein Amir-Abdollahian បានបដិសេធជុំវិញការនិយាយថា អ៊ីរ៉ង់បានផ្តល់មីស៊ីលរបស់ខ្លួនឱ្យទៅប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រាប់ក្រុមសារព័ត៌មានថាវាមិនមែនជារឿងពិតទេដែលថាអ៊ីរ៉ង់បានផ្តល់អាវុធមីស៊ីលឱ្យទៅប្រទេសរុស្ស៊ី។ ដ្រូនអ៊ីរ៉ង់ដែល គេបានចោទថាផ្តល់ទៅឱ្យរុស្ស៊ីនោះ គឺដ្រូនអត្តឃាតឈ្មោះ Shahed 136 ដែលជាប្រភេទដ្រូនប្រើប្រាស់វាយប្រហារក្នុងក្រុងកៀវ និងតាមបណ្តាទីក្រុង អ៊ុយក្រែនដទៃទៀត ដែលការវាយប្រហារភាគច្រើនបានធ្វើលើមជ្ឈមណ្ឌលថាមពលអគ្គីសនី។

ប្រទេសអ៊ីរ៉ង់នៅតែបញ្ជាក់ថារដ្ឋាភិបាលក្រុងតេហេរ៉ង់នៅតែរក្សាជំហរនៅកណ្តាលចំពោះទំនាស់រវាងរុស្ស៊ី និងអ៊ុយក្រែនរហូតមកទល់នឹងពេលនេះ។
មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទថាសម្តីរបស់អ៊ីរ៉ង់ គឺជាសម្តីកុហក បោកប្រាស់ពិភពលោក។ លោក ហ្សេលេនស្គីបានថ្លែងថា អ៊ុយក្រែនជារៀងរាល់ថ្ងៃបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន យ៉ាងហោចចំនួន១០គ្រឿង ហើយអ៊ីរ៉ង់នៅតែបន្តផ្តល់ដ្រូនរបស់ខ្លួនឱ្យទៅរុស្ស៊ីជាដដែល។ លោកថ្លែងបន្តទៀតថាគេមានការដឹងច្បាស់លាស់ណាស់ថា មានគ្រូបង្វឹករបស់អ៊ីរ៉ង់បាន បង្រៀនក្រុមភេរវកររុស្ស៊ីនូវរបៀបប្រើប្រាស់ដ្រូនរបស់អ៊ីរ៉ង់នោះ។ លោក ហ្សេលេនស្គីថ្លែងបន្តថា ការចោទអំពីគ្រូបង្វឹកអ៊ីរ៉ង់ជួយបង្រៀនរុស្ស៊ីនោះ គឺរដ្ឋាភិបាលក្រុងតេ ហេរ៉ង់មិនបានធ្វើ ប្រតិកម្មអំពីបញ្ហានោះឡើយ។
អ៊ុយក្រែនបានអះអាងថាមានដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ប្រមាណ៤០០ គ្រឿងត្រូវបានប្រើប្រាស់ រួចមកហើយប្រឆាំងនឹងប្រជាជនស៊ីវិលអ៊ុយក្រែន។
លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថារដ្ឋាភិបាលក្រុងមូស្គូបានបញ្ជាទិញដ្រូននោះប្រមាណ២ពាន់ គ្រឿង។ លោក ហ្សេលេនស្គី ថ្លែងថាបើអ៊ីរ៉ង់នៅតែបន្ត កុហក នៃអ្វីដែលមានជាក់ស្តែងពិតប្រាកដ គឺមានន័យថាសូមឱ្យពិភពលោកបង្កើតកិច្ចប្រឹងប្រែងធ្វើការស៊ើបអង្កេតលើកិច្ចសហប្រតិបត្តិការអំពើភេរវកម្ម ជាមួយគ្នារវាងអ៊ីរ៉ង់ និងរុស្ស៊ី និងអ្វីខ្លះទៅដែលរុស្ស៊ីបានចំណាយឱ្យអ៊ីរ៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការបែបនោះ?

លោក ហ្សេលេនស្គី បានអំពាវនាវរកការដាក់ទោសលើអ្នកប្រព្រឹត្ត និងអ្នកគប់គិតគ្នា ដោយមិនត្រូវឱ្យពួកគេបានរួចខ្លួនគេចពីទោសកំហុសឡើយ។
សហរដ្ឋអាមេរិក, សហគមន៍អឺរ៉ុបនិងប្រទេសអង់គ្លេស គឺជាបណ្តាប្រទេសដែលសុទ្ធតែបានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើឧត្តមសេនីយអ៊ីរ៉ង់បីរូប និងក្រុមហ៊ុនអាវុធមួយដែលរងការចោទប្រកាន់ថាបានផ្តល់ឲ្យរុស្ស៊ី នូវដ្រូនអត្តឃាតនោះ។

សាស្ត្រាចារ្យផ្នែកសន្តិសុខមជ្ឈិមបូព៌ា និងអ៊ីរ៉ង់ លោក អេបដូលរ៉ាស៊ូល ឌីវសាឡា (Abdolrasool Divsallar) បានថ្លែងចាត់ទុក ថាការដាក់ទណ្ឌកម្មនោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិសាស្ត្រ។ សាស្ត្រាចារ្យរូបនោះថ្លែងថាការដាក់ទណ្ឌកម្ម គឺដើម្បីចង់បង្ហាញទៅប្រទេសនៃក្រុមសម្ព័ន្ធលោកខាងលិចថាគេ មានសមត្ថភាព និងចង់បង្ហាញថាទណ្ឌកម្មនោះអាចប៉ះទង្គិចឆ្ងាយពីប្រទេសអ៊ីរ៉ង់ និងពីប្រទេសនៅមជ្ឈិមបូព៌ានោះទៅទៀត។ ដ្រូនរបស់អ៊ីរ៉ង់ ត្រូវគេរាយការណ៍ថាត្រូវបានយកមកប្រើប្រាស់ក្នុងអំពើវាយប្រហារដាក់មកលើទីតាំងផ្តល់ថាមពលអគ្គីសនី និងលើហេដ្ឋារចនាសម្ព័ន្ធនានារបស់ អ៊ុយក្រែន។

អ្នកវិភាគជាតិរុស្ស៊ីម្នាក់ឈ្មោះកុងស្តានទីន Konstantin បានថ្លែងពីប្រទេសលីទុយអានី បញ្ជាក់ថាដ្រូនរបស់អ៊ីរ៉ង់គឺជាដ្រូនមានតម្លៃថោកដែលមួយគ្រឿងថ្លៃ ប្រមាណ១ម៉ឺនដុល្លារ, ជាដ្រូនប្រភេទតូច, ស្លាបដ្រូនមានប្រវែង២ម៉ែត្រកន្លះ ដែលគេអាចតម្លើងវាដាក់ក្នុងបន្ទប់បានយ៉ាងស្រួល។ លោកបន្តថាដ្រូនប្រភេទ នេះមានប្រសិទ្ធភាពណាស់ក្នុងការប្រើប្រាស់វាយប្រហារដាក់លើគោលដៅ, ហើយរុស្ស៊ីនឹងពិតជាប្រើប្រាស់វាដើម្បីបំផ្លាញចំពោះអាវុធទំនើបរបស់ អ៊ុយក្រែន និងការប្រើប្រាស់វាលើការវាយប្រហារដាក់លើគោលដៅស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធ។

ការវាយប្រហាររបស់រុស្ស៊ីដោយការប្រើដ្រូននិងគ្រាប់មីស៊ីលបាញ់ដាក់លើមជ្ឈមណ្ឌលផ្តល់ថាមពលអគ្គីសនី និងលើហេដ្ឋារចនាសម្ព័ន្ធនានារបស់អ៊ុយក្រែន បានធ្វើមន្ត្រីអ៊ុយក្រែនបាន ដាក់ចេញនូវផែនការចង់ជម្លៀសមនុស្ស។ អភិបាលក្រុងកៀវ បានអំពាវនាវពលរដ្ឋរបស់ខ្លួន ត្រូវត្រៀមរៀបចំចាកចេញពី ក្រុងកៀវដែលខ្វះថាមពលអគ្គីសនីក្នុងពេលដែលរងនឹងការរងាខ្លាំងក្នុងរដូវត្រជាក់។ លោកអភិបាលក្រុងកៀវ លោក Charlie Klitschko ដែលជាអតីតអ្នក ប្រដាល់សកលពិភពលោកផងដែរនោះ បានថ្លែងថាបើសិនជាថាមពលអគ្គីសនីនឹងដាច់ អស់ទាំងស្រុងមែននោះ លោកសូមឱ្យពលរដ្ឋប្រមាណ៣លាននាក់ ក្នុងក្រុងកៀវត្រូវពិចារណា ការចាកចេញពីរដ្ឋធានីកៀវ។

លោក Charlie Klitschko បានថ្លែងថា «លោក ពូទីនមិនត្រូវការយើងដែលជាពលរដ្ឋជាតិអ៊ុយក្រែននោះទេ, ពូទីនត្រូវការតែទឹកដី, ពូទីនត្រូវការអ៊ុយក្រែន ដែលគ្មានពលរដ្ឋដូចពួកយើង… ហេតុដូច្នេះហើយបានជាអ្វីកំពុងកើតឡើងនាពេលនេះ គឺជាអំពើប្រល័យពូជសាសន៍»។ លោក ថ្លែងថាទង្វើរបស់លោក ពូទីន គឺធ្វើឱ្យជនជាតិអ៊ុយក្រែនស្លាប់ដោយភាពរងារត្រជាក់ និងបង្ខំឱ្យពួកយើងត្រូវរត់ចាកចេញពីទឹកដីនៃលំនៅដ្ឋានដើម្បីពូទីនអាចនឹងមកកាន់កាប់ដី និងផ្ទះ សម្បែងរបស់អ៊ុយក្រែន។

លោក Charlie Klitschko បានថ្លែងបន្តថាលោកសូមអំពាវនាវដល់ពលរដ្ឋក្នុងក្រុងកៀវ ត្រូវពិចារណាលើអ្វីៗទាំងអស់បើសិនជាស្ថិតក្នុងពេលវេលាដែល អាក្រក់បំផុត ដែលពេលនោះ ភ្លើងក៏ដាច់, និងទឹកក៏គ្មានផឹកថែមទៀត។ លោកបានអំពាវនាវឱ្យពលរដ្ឋក្នុងក្រុងកៀវ ត្រូវចាកចេញទៅរកមិត្តភក្តិនៅក្រៅ ក្រុង នៃកន្លែងណាដែលមានភ្លើង និងមានទឹកផ្គត់ផ្គង់, មានម៉ាស៊ីនកម្តៅការពារភាពរងារត្រជាក់…និងចូរត្រិះរិះគិតថាត្រូវស្នាក់នៅខាងក្រៅ នោះមួយរយៈពេលសិន។

សេចក្តីរាយការណ៍ពីក្នុងក្រុងកៀវ បានឱ្យដឹងថានាពេលនេះភាពត្រជាក់ក្នុងរដូវរងារបានធ្លាក់ ដល់កម្រិត៦អង្សាសេ និងភាពត្រជាក់នេះនឹងអាចធ្លាក់ ចុះតាមកន្លែងខ្លះដល់ ដក២០អង្សាសេ ថែមទៀត។ ឧបករណ៍ផ្តល់ថាមពលកម្តៅក្នុងក្រុង បានរងនឹងការខូចខាតជាច្រើនដោយសារតែការបាញ់ផ្លោង និងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីដើម្បីតែភាពចង់ឈ្នះលើសមរភូមិ។ ក្រុងកៀវនាពេលនេះ មិនត្រឹមតែខ្វះនូវម៉ាស៊ីនថាមពលកម្តៅប៉ុណ្ណោះទេ, ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធទឹកក៏ដាច់ខូចខាត, ស្បៀងអាហារក៏មានកម្រិត ដែលស្ថានភាពនេះ បានបង្កក្តីលំបាកជាខ្លាំងដល់ពលរដ្ឋក្នុងក្រុង ដែលមានចំនួនប្រមាណ៣លាននាក់។

បើសិនជាពលរដ្ឋដែលប្រឈមនឹងសីតុណ្ហភាពត្រជាក់បែបនេះ គ្មានមធ្យោបាយអាចការពារខ្លួន ដើម្បីឱ្យមានភាពកក់ក្តៅ ឬគ្មានឧបករណ៍ជាម៉ាស៊ីន កម្តៅនោះទេ មនុស្ស នឹងអាចស្លាប់ ដោយសារតែភាពត្រជាក់រឹងខ្លួនដូចទឹកកកជាមិនខាន៕