(ប៉េកាំង)៖ ថ្ងៃទី៧ ខែវិច្ឆិកា មុនពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងបំពេញទស្សនកិច្ចជាផ្លូវការនៅ ប្រទេសកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានចុះផ្សាយអត្ថបទជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនលើប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់កម្ពុជា ក្រោមចំណងជើងថា « ដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាពចិន និងកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា»។

អត្ថបទបានលើកឡើងថា ចិនរីករាយសហការជាមួយប្រទេសក្នុងតំបន់រួមទាំងកម្ពុជាផងដែរ ដើម្បីពួតដៃគ្នាដើរឆ្ពោះទៅមុខ ពុះពាររាល់ឧបសគ្គទាំងឡាយ ដើម្បីឱ្យចំណងមិត្តភាពចិននិងកម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាមានការអភិវឌ្ឍកាន់តែច្រើនឡើង និងផ្តល់ឱកាសថ្មីៗកាន់តែសម្បូរបែប។ អត្ថបទបានលើកឡើងទៀតថា ត្រូវតែបន្តរក្សាទិសដៅត្រឹមត្រូវនៃពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ពង្រឹងការតភ្ជាប់នៃយុទ្ធសាស្រ្ត អភិវឌ្ឍន៍ ខិតខំអនុវត្ត RCEP ឱ្យបានល្អ ជំរុញពាណិជ្ជកម្មក្នុងតំបន់ និងពាណិជ្ជកម្មសេរីឱ្យដើរទន្ទឹមគ្នា ដើម្បីកសាងសេដ្ឋកិច្ចក្នុងតំបន់ដែលមាន លក្ខណៈបើកចំហ។

លោកបានគូសបញ្ជាក់ថា ចិនរីករាយក្នុងការជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសពាក់ព័ន្ធតាមរយៈគម្រោងគំរូដូចជាគម្រោងផ្លូវដែកចិន-ឡាវ សេចក្តីផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រនៅអាស៊ីបូព៌ាជាដើម ជំរុញការផ្គត់ផ្គង់ស្បៀងអាហារ និងប្រភពថាមពលឱ្យមានស្ថិរភាព ពន្លឿនការអនុញ្ញាតឱ្យ សិស្សនិស្សិត អាស៊ានអាចត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ លើកកម្ពស់ទំនាក់ទំនងវប្បធម៌មនុស្សជាតិឱ្យកាន់តែស៊ីជម្រៅមានដូចជាវប្បធម៌ ទេសចរណ៍ជាដើម។

អត្ថបទបានលើកឡើងថា ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ នឹងបន្តបង្កើតបរិយាកាសពាណិជ្ជកម្មដែលមានលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម ដើម្បីឱ្យប្រទេសចិនក្លាយជាទីកខ្ពស់នៃការបើកចំហ តំបន់ពេញនិយមនៃការវិនិយោគ និងចែករំលែកឱកាសនៃការអភិវឌ្ឍជាមួយ ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន