(កៀវ)៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាទីក្រុងកៀវ មិនដែលបានបដិសេធកិច្ចចរចាជាមួយរុស្ស៉ីនោះទេ ហើយ ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចាជាមួយមេដឹកនាំរុស្ស៉ីថ្មី នៅពេលអនាគត ប៉ុន្តែមិនមែនជាមួយលោក វ្ល៉ាឌីមៀ ពូទីនឡើយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក មីខៃឡូ ប៉ូដុលយ៉ាក់ (Mykhailo Podolyak) បានគូសបញ្ជាក់ដូច្នេះថា « អ៊ុយក្រែន មិនបានបដិសេធចរចានោះទេ។ ជំហរចរចារបស់ពួកយើងមានភាពបើកចំហ តែទាល់តែរុស្ស៉ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែនជាមុនសិន»។ លោក បន្ថែមដោយចោទសួរថា «តើលោក ពូទីន ត្រៀមខ្លួនរួចឬនៅ? ជាការពិតណាស់ មិនទាន់នោះទេ ដូច្នេះយើងនឹងពិភាក្សាជាមួយមេដឹកនាំរុស្ស៉ីថ្មី»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើលោក មីខៃឡូ ប៉ូដុលយ៉ាក់ កើតមានឡើង បន្ទាប់ពីកាសែត Washington Post​ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានឱ្យដឹងថារដ្ឋបាលលោក ចូ បៃដិន បានស្នើសុំជាលក្ខណៈឯកជនឱ្យថ្នាក់ដឹកនាំអ៊ុយក្រែនបើកចំហទ្វារ ចរចាជាមួយទីក្រុងមូស្គូ៕