(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថា សហរដ្ឋអាមេរិក រក្សាសិទ្ធិគ្រប់យ៉ាង ក្នុងការជជែក ឬពិភាក្សាជាមួយរុស្ស៉ី នៅថ្នាក់មន្ត្រីកម្រិតខ្ពស់ស្ដីពីការកាត់បន្ថយហានិភ័យ នៃសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបញ្ជាក់ខាងលើរបស់សេតវិមាន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal ដែលរាយការណ៍ថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានពិភាក្សាជាមួយទីក្រុងមូស្គូ។ វិមានក្រឹមឡាំង បានបដិសេធមិនធ្វើ អត្ថាធិប្បាយជុំវិញសេចក្ដីរាយការណ៍នេះទេ ដែលថាទីក្រុងវ៉ាស៊ីនតោន បានរៀបចំកិច្ចចរចាជាសម្ងាត់ជាមួយមន្ត្រីកំពូលៗរបស់រុស្ស៉ី ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមអ៊ុយក្រែន រីករាលដាលកាន់តែធំ នៅពេលអនាគត។

គួរបញ្ជាក់ថា សារព័ត៌មាន Wall Street Journal កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានរាយការណ៍ថា លោក ជេក ស៊ូលីវ៉ាន់ បានបើកកិច្ចសន្ទនាជាមួយក្នុងមន្ត្រីជាន់ខ្ពស់រុស្ស៉ី ក្នុងក្ដីសង្ឃឹមបង្ការកុំឱ្យសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ ស្ថិតនៅក្រៅការគ្រប់គ្រង ឬផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ៕