(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាលោកនឹងធ្វើការប្រកាសមួយដ៏ធំអស្ចារ្យ នៅសប្ដាហ៍ក្រោយ ស្របពេល មានការរំពឹងជាច្រើនថាលោកអាចនឹងប្រកាសចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកសាជាថ្មីនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ ប្រាប់អ្នកគាំទ្ររបស់លោកនៅឯរដ្ឋ Ohio។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «មិនមែនជាការបង្វែរ ចំណាប់អារម្មណ៍ពីពេលវេលាដ៏សំខាន់នៅថ្ងៃស្អែកនេះ (ថ្ងៃទីអង្គារ ទី៨ ខែវិច្ឆិកា) ដែលជាថ្ងៃបោះឆ្នោតពាក់កណ្ដាលអាណត្តិនោះទេ... ខ្ញុំនឹងធ្វើការប្រកាសមួយដ៏ធំអស្ចារ្យ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida»។ ប៉ុន្តែ លោក ត្រាំ មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលមិនដែលទទួលស្គាល់ការពិតថារូបលោកបានបរាជ័យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ បានបង្ហាញបង្ហើបអស់រយៈពេលច្រើន ខែមកនេះថារូបលោកត្រៀមខ្លួនជាស្រេច ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាថ្មី សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤៕