(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានថាជ័យជម្នះរបស់គណបក្សសាធារណរដ្ឋ អាចនឹងធ្វើឱ្យស្ថានប័នប្រជាធិបតេយ្យ នានារបស់សហរដ្ឋអាមេរិក ធ្លាក់ចុះទន់ខ្សោយ ហើយនឹងបំផ្លាញនូវសមិទ្ធផលមួយភាគធំដែលសម្រេចបានក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រ នៅឯសាកលវិទ្យាល័យ Bowie State University នៅជាយទីក្រុងវ៉ាស៊ីនតោន និងជាការបង្ហាញចំណាប់អារម្មណ៍លើកចុងក្រោយ មុនការ បោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ យើងកំពុងប្រឈមមុខនឹងចំណុចរបត់មួយ។ យើងបានដឹងយ៉ាងច្បាស់ នៅក្នុងចិត្តថាប្រជាធិបតេយ្យរបស់យើងកំពុងប្រឈមមុខនឹងហានិភ័យ ហើយយើងក៏ដឹងដែរថានេះគឺជាពេលដែលយើងត្រូវការពារប្រជាធិបតេយ្យរបស់យើង»។

គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ត្រូវបានគេមើលឃើញថាជាការឆ្លុះបញ្ចំងពីការបែកបាក់នយោបាយយ៉ាងស៊ីជម្រៅនៅក្នុងសហរដ្ឋអាមេរិក នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ (ពេលវេលានៅសហរដ្ឋអាមេរិក)៕