Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ទំនងជានឹងមិនមកចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី ទេ (Video inside)

08-11-2022 10:03

(ហ្សាការតា)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប្រហែលជានឹងមិនបានមកចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែវិច្ឆិកានេះ ក្នុង ប្រទេសឥណ្ឌូណេស៊ី នោះទេ។ នេះបើតាមលោក ចូកូ វីដូដូ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយការគូសបញ្ជាក់ថាកិច្ចសន្ទនាមួយជាមួយលោក ពូទីន កាលពីសប្ដាហ៍មុន បានធ្វើឱ្យរូបលោកមានអារម្មណ៍ដឹងច្បាស់ ថាមេដឹកនាំរុស្ស៉ីរូបនេះនឹងមិនមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20​ នៅលើ កោះបាលី ឡើយ។ ប៉ុន្តែ ខាងក្រសួងការបរទេសរុស្ស៉ី និងឥណ្ឌូណេស៊ី រួមទាំងវិមានប្រធានាធិបតីនៃប្រទេសទាំង២ មិនទាន់បានធ្វើអត្ថាប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិចិ្ឆកានេះដែរ។ តែលោក ហ្សេលេនស្គី បានអះអាងថាលោកនឹងមិនមកចូលរួមឡើយ បើមានវត្តមានលោក ពូទីន ខណៈមេដឹកនាំពិភពលោកដទៃទៀត ក្នុងនោះរួមមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏ត្រូវបានគេរំពឹងដែរថានឹងមានវត្តមានក្នុងកិច្ចប្រជុំនេះ៕