(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបាននិយាយថាការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ទីក្រុងព្យុងយ៉ាង កំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំឱ្យរុស្ស៉ី សម្រាប់ធ្វើ សង្រ្គាមនៅអ៊ុយក្រែន គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបដិសេធរបស់កូរ៉េខាងជើង ធ្វើឡើងជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់អ្នកនាំាពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក ចន ឃឺប៊ី ដែលនិយាយ ថាគ្រាប់កាំភ្លើងធំក្នុងចំនួនដ៏ច្រើន ត្រូវបានលួចលាក់ដឹកជញ្ជូនពីកូរ៉េខាងជើងទៅកាន់រុស្ស៉ី កាត់តាមតំបន់មជ្ឈិមបូព៌ា ឬអាហ្វ្រិក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញ ផ្សាយនៅថ្ងៃអង្គារនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នាយករងទទួលបន្ទុកកិច្ចការយោធាបរទេសនៃក្រសួងការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានបំផុសបំផុលពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងលក់អាវុធរវាងកូរ៉េខាងជើង និងរុស្ស៉ី...យើងសូម បញ្ជាក់ម្ដងទៀតថាយើងមិនមានកិច្ចព្រមព្រៀងអាវុធជាមួយរុស្ស៉ីទេ ហើយយើងក៏មិនមានផែនការធ្វើដូច្នេះនៅពេលអនាគតនោះដែរ»

សេចក្ដីថ្លែងការណ៍ដដែលនេះបានបន្ថែមថា ពាក្យចចាមអារ៉ាមខាងលើគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរបស់កូរ៉េខាងជើង នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើង នៅពេលនេះកើតមានឡើងចំពេលស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបាញ់តេស្ដ មីស៊ីលជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលបាន សន្និដ្ឋានថាការបង្កើនការធ្វើតេស្ដអាវុធមួយរយៈពេលមកនេះ គឺជាសញ្ញាមួយបង្ហាញថារបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ក្នុងពេលឆាប់ៗនេះ៕