(ប៉េកាំង)៖ ប្រទេសចិនបានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន ក្នុងរយៈពេលប្រាំមួយខែនៅថ្ងៃចន្ទនេះ បើទោះបីជាបានចាត់វិធានការបិទខ្ទប់យ៉ាងតឹងរុឹង ដែលបានរំខានយ៉ាងខ្លាំងដល់ផលិតកម្ម ការអប់រំ និងជីវិតប្រចាំថ្ងៃក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅចុងសប្តាហ៍នេះ ទីក្រុងប៉េកាំងបង្ហាញក្តីសង្ឃឹមថា គោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន ដែលប្រើដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមេរោគនេះ អាចនឹងត្រូវបានបន្ធូរបន្ថយក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែវិធានការជាក់ស្តែងទាក់ទងនឹងការបិទខ្ទប់ បានធ្វើឲ្យអ្នកស្រុកត្អូញត្អែរ និងបាត់បង់ទំនុកចិត្តអំពីលក្ខខណ្ឌមិនគ្រប់គ្រាន់ កង្វះអាហារ និងការពន្យារពេលក្នុងការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់។

គួរបញ្ចាក់ថា ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ជាង ៥,៦០០ករណីនៅថ្ងៃចន្ទនេះ ដោយស្ទើរតែពាក់កណ្តាលនៅក្នុងខេត្ត Guangdong ដែលជាមជ្ឈមណ្ឌលផលិតកម្មនៅភាគខាងត្បូងរបស់ប្រទេស ហើយក៏ជាមជ្ឈមណ្ឌលសម្រាប់កំពង់ផែសំខាន់ៗផងដែរ៕